2023-11-02 10:52
519

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់មាស គ្រឿងអលង្ការម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួន យោងតាមបណ្តឹងរបស់ជនរងគ្រោះ២នាក់ ចោទប្រកាន់ បទរំលោភលើទំនុកចិត្ត ប្រើល្បិចយកគ្រឿងពិត ឱ្យវិញជាគ្រឿងក្រឡៃទៅប្រជាពលរដ្ឋនិងលក់ផ្លាកទីននិងមាសក្លែងក្លាយឲ្យទៅប្រជាពលរដ្ឋ ។

ការឃាត់ខ្លួនប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ រ៉េន សុវណ្ណរី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ តូបលេខ៩៥ នៅផ្សារជម្ពូវ័ន មានទីលំនៅ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះជាដើមបណ្តឹងទាំង២នាក់ ទី១ ឈ្មោះ ពុំ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ខាតបង់អស់មាស១តម្លឹង និងលុយ៥ពាន់ដុល្លារ។ ទី២ ឈ្មោះ សូត្រ ក្មិច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិតាម៉ោលី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់ ។  ខាតបង់អស់ខ្សែកមាសទម្ងន់១តម្លឹង តម្លៃ២៣៩០ដុល្លារ កងដៃ១ឈុត តម្លៃ២៣០០ដុល្លារ ។

តាមសម្តីជនរងគ្រោះ សូត្រ ក្មិច បានឱ្យដឹងថា កាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០២៣ បានទៅទិញខ្សែកមាស និងកងដៃឈុត ពីស្ត្រីសង្ស័យខាងលើ ជាម៉ូយធ្លាប់ទិញលក់កន្លងមក ហើយជនសង្ស័យលក់ឱ្យតាមហាងឆេង មានទាំងសំបុត្រ លុះយកទៅប្រើបានមួយស្រាប់តែគ្រឿងប្រែពណ៌ឡើងខ្មៅ លុះយកទៅសួរនាំ ទើបប្រាប់ថាក្រឡៃ និងសន្យាដូរជូនវិញ តែពីមួយថ្ងៃទៅមួយថ្ងៃ ដោះសារ គេចវេសរហូត មិនបានដោះស្រាយលុយឱ្យវិញ ទើបសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចតែម្តង ។

បើតាមស្ត្រីរងគ្រោះឈ្មោះ ពុំ ចាន់ថន វិញ បានឱ្យដឹងថា កាលពីអំឡុងខែមិនា ឆ្នាំ២០២៣ កន្លងមក បានយកមាស១តម្លឹង និងលុយចំនួន៥ពាន់ដុល្លា ទៅឱ្យស្ត្រីសង្ស័យ រំលាយនិងធ្វើខ្សែកថ្មី តែផ្ទុយទៅវិញ ជនសង្ស័យដោះសារ ធ្វើមិនទាន់ហើយ ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ អូសបន្លាយពេល ទោះជាទាមទារលុយវិញ សន្យាខ្យល់ ទើបនៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង ។

តាមសមត្ថកិច្ច បន្ទាប់ពីទទួលបានបណ្តឹងជនរងគ្រោះ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហៅស្ត្រីសង្ស័យមកសាកសួរ នៅចំពោះមុខជនរងគ្រោះ ជនសង្ស័យពុំមានលទ្ធភាពសង គ្រឿងអលង្ការ លុយកាក់ ទៅជនរងគ្រោះវិញទេ មានតែឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ។

ជុំវិញការប្តឹងចោទប្រកាន់រំលោភលើទំនុកចិត្តខាងលើ ស្ត្រីសង្ស័យមិនឆ្លើយ មិនបំភ្លឺ ជាមួយអ្នកយកព័ត៌មានឡើយ មានតែរុំឃ្លុំមុខជិតដូចនិនចារ ចូលរថយន្តសមត្ថកិច្ច ដឹកបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។