ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែវិច្ឆិកានេះ ភ្លៀងនឹងបន្តធ្លាក់លើផ្ទៃប្រទេស លាយឡំផ្គររន្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបង្កេីនការប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ៖
បណ្តាខេត្តនៅទិសខាងជើង ទិសឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-២០%។
រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%៕