2023-11-02 12:48
468

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ករណីស្តីពី ការផ្សព្វផ្សាយ និងប្រើប្រាស់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី និងអ្នកច្រៀងបទចម្រៀងចំណងជើង «ឱភ្នំពេញអើយ» ឱ្យបានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោករដ្ឋមន្ត្រីបានទទួលជួបកូនស្រី និងចៅស្រីរបស់សមមិត្ត កែវ ចិន្តា ដែលជាម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបទចម្រៀងប្រវត្តិសាស្ត្រ «ឱភ្នំពេញអើយ» និងបានសម្របសម្រួល និងដោះស្រាតបញ្ហាលើករណីរំលោភបំពានសិទ្ធិសីលធម៌ អ្នកនិពន្ធបទចម្រៀងនេះរួចរាល់ហើយ។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ក្រុមគ្រួសារសមមិត្ត កែវ ចិន្តា បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានសម្របសម្រួល និងដោះស្រាតបញ្ហាលើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ «ឱភ្នំពេញអើយ»។ 

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចាប់ពីអំណេះតទៅត្រូវផ្សព្វផ្សាយឱ្យបានត្រឹមត្រូវនូវបទចម្រៀងនេះ ១- ស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា, ២- សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា, ៣- រៀងដោយសមមិត្តនារ សូ ចន្នី ដោយយកតាមលំនាំបទឡាវឡឹក និង៤- ជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។ 

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ករណីស្តីពីការផ្សព្វផ្សាយ និងប្រើប្រាស់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី និងអ្នក ច្រៀងបទចម្រៀងចំណងជើង “ឱភ្នំពេញអើយ” ឱ្យបានត្រឹមត្រូវដោយយោងតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបមក ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា «បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណី រំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមកភាគីពាក់ព័ន្ធទាំងអស់បានសម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្ទី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

ក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា «រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្ត្រី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ 

ក្នុងករណីដែលមានការផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារលិខិតខាងលើ សូមឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការគោរព និងផ្ដល់តម្លៃដល់ស្នាដៃម្ចាស់ដើម នៃបទចម្រៀងនេះ៕