ខេត្តបន្ទាយមានជ័យ៖ អ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានកើតឡើងនៅវេលម៉ោង២និង២០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវមង្គលបូរី ស្ថិតនៅភូមិ-ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
នគរបាលចរាចរណ៍នៃអធិការដ្ឋាន ស្រុកមង្គលបូរី បានឲ្យដឹងថា៖ ដំបូងមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង1AB-4931 បានធ្វើដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ១៥៦D ទិសដៅពីកើតទៅលិច លុះមកដល់រង្វង់មូលយាយជី មិនបានឈប់មើលចរាចរណ៍ ដោយឆ្លងដល់គន្លងរថយន្តល្បឿនលឿនស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញ ពណ៌ស ផលិតឆ្នាំ២០០១ ពាក់ផ្លាកលេខបាត់ដំបង3A-3400 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏បុកចំពាក់កណ្តាលម៉ូតូចំហៀងខាងឆ្វេងកើតមានគ្រោះថ្នាក់តែម្តង បណ្តាលឲ្យរបួសធ្ងន់០២នាក់(ស្រី០១នាក់)។
នគរបាលជំនាញបានបន្តថា៖ជនរងគ្រោះ ១-ឈ្មោះ ពេជ្រ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូ ពាក់មួកសុវត្តិភាព របួសធ្ងន់ប៉ះក្បាលសម្រាកព្យាបាលនៅពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។ ២/ឈ្មោះ ភាន់ ស្រីណុច ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាវៀង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នករួមដំណើរម៉ូតូ ពាក់មួកសុវត្តិភាពរបួសធ្ងន់ប៉ះក្បាល សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុគេចខ្លួនបាត់បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។ចំពោះវត្ថុតាងម៉ូតូខូចខាតធ្ងន់និងរថយន្តខូចខាតស្រាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរង់ចាំស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាវតាមនីតិវិធី។
មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់អ្នកបើកបរម៉ូតូមិនគោរពសិទ្ធអាទិភាព។ អ្នកបើកបររថយន្តមានល្បឿនលឿនក្នុងទីប្រជុំ ៕