(កំពត)៖ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្តកំពតនឹងរៀបចំពិធីប្រណាំងទូកង នៅបរិវេណនៅតាមបណ្តោយមាត់ធ្នេរព្រែកកំពង់បាយនៅមុខសាលាខេត្ត ចាប់ផ្តើមពីថ្ងៃទី ១០ ដល់១១ ខែវិច្ឆិកានេះ ក្នុងនោះអាជ្ញាធរស្រុកទឹកឈូ ក៏បានធ្វើយុទ្ធនាការសម្អាតឆ្នេរកោះស្មៅពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះរហូតដល់ថ្ងៃចប់ការប្រណាំងទូកផងដែរ ដើម្បីទទួលទេសចរ និងពលរដ្ឋមកកម្សាន្ត។
ប្រជាពលរដ្ឋពេញចិត្តចំពោះការរៀបចំពិធីប្រណាំងទូក ខណៈដែលកីឡាករថាប្រឹងហ្វឹកហាត់ដើម្បីបង្ហាញសមត្ថភាពនិងដណ្តើមយកជ័យលាភី។
លោក មូល សុធា អភិបាលរងស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ដើម្បីរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក ងឲ្យដំណើរការទៅបានជោគជ័យ និងសប្បាយរីករាយ អាជ្ញាធរស្រុកទឹកឈូ ក្រោមការដឹកនាំរបស់លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានធ្វើយុទ្ធនាការសម្អាត អនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរកោះស្មៅ ចាប់ពីពេលនេះ រហូតដល់ថ្ងៃចប់កម្មពិធីប្រណាំងទូកង ។
លោកអភិបាលស្រុកទឹកឈូបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋ និងអាជីវករ ត្រូវធ្ចើជាគំរូល្អ ក្នុងការរក្សាអនាម័យបរិស្ថាន ដើម្បីឲ្យឆ្នេរស្អាត និងមានភ្ញៀវមកទស្សនាច្រើន។
ប្រជាពលរដ្ឋខេត្តកំពតឈ្មោះ កញ្ញា ថន លីលី បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ក្នុងនាមពេលរដ្ឋម្នាក់ពេញចិត្តយ៉ាងខ្លាំង ដែលរដ្ឋបាលខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន មានគំនិតផ្តួចផ្តើមរៀបចំពិធីប្រណាំងទូកនេះឡើង ព្រោះពិធីនេះនឹងផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋខេត្តកំពត។
កញ្ញាសង្ឃឹមថានឹងមានភ្ញៀវមកច្រើន ព្រោះខេត្តបានខិតខំរៀបចំសោភាព និងកម្មវិធីទាក់ទាញច្រើន។
ដោយឡែក តំណាងក្រុមកីឡាករទូកង “កំពតមានជ័យបារមីមហាហង្ស” លោក យី វឌ្ឍន៍ បានបញ្ជាក់ដែរថា ក្រុមកីឡាករទាំងអស់បានហ្វឹកហាត់ជាង១០ថ្ងៃមកហើយ ការហ្វឹកហាត់នឹងបន្តរហូតដល់ថ្ងៃទី៨ ។
លោកបានបញ្ជាក់ថាក្រុមកីឡាករខិតខំប្រឹងប្រែង ព្រោះចង់បង្ហាញសមត្ថភាពក្នុងការអុំទូកង នៅលើទឹកដីសមុទ្រផង និងដើម្បីដណ្តើមយកជ័យលាភីក្នុងការប្រណាំងផង។
សម្រាប់ពិធីប្រណាំងទូក ង នៅខេត្តកំពតឆ្នាំនេះ មានទូកចូលរួមប្រកួត ៣០ទូក ហើយបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ក្រៅពីការប្រណាំងទូកង ក៏មានកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ ដូចជាការរៀបចំស្តងពិព័រណ៍ទំនិញ ស្តង់ដាតាំងពិព័រណ៍ភូមិមួយផលិតផលមួយ និងមានការប្រគុំតន្ត្រី ការដុតកាំជ្រូច និងបង្ហោះគោម បណ្តែតប្រទីបជាដើម។(សឹង រ៉ាត់)