2023-11-02 16:19
486

ភ្នំពេញ ៖  នានាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាង ការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ធ្វើឡើងក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ យោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្ដមសេនីយ៍ បានកោតសរសើរ និងដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះនិវត្តជន និងយុទ្ធជនពិការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងមួយជីវិត ដើម្បីរួមចំណែកដល់ការស្តារ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការដាក់ឱ្យយោធិនចូលនិវត្តន៍ និងផ្ទេរយោធិនពិការចេញពីជួរកងយោធពលខេមរភូមិន្ទពេលនេះ គឺជាការអនុវត្តទៅតាមបញ្ញត្តិនៃច្បាប់ ដែលបានអនុវត្តជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជាបងប្អូនក្នុងនាមអតីតយុទ្ធមិត្ត។
នាយឧត្តមសេនីយ៍ បានលើកពីគុណសម្បត្តិយោធិនចូលនិវត្តន៍ និងយុទ្ធជនពិការ ដែលបានបន្សល់ទុកសម្រាប់សង្គមជាតិ រួមមាន៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ ការចូលរួមអនុវត្តន៍យោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាំមកនូវសន្តិភាព និងការឯកភាពជាតិ ការចូលរួមថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ និងកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យរៀបរយរឹងមាំ ជាដើម។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់និវត្តជននិងយុទ្ធជនពិការ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាលនិងកងយោធពលខេមរភូមិន្ទ នៅតែចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់និវត្តជននិងជនពិការ ចំពោះជាតិមាតុភូមិនាពេលកន្លងមក។

ជាមួយនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់និវត្តជននិងយុទ្ធជនពិការ ជាពិសេសអ្នកជួបការលំបាក ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងរួមគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនថែមទៀត៕