ព្រៃវែង៖ ពិតជារឿងគួរឲ្យភ្ញាកុផ្អើលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ១១រូប ត្រូវបានធ្វើតេស្តទឹកនោមរកឃើញមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវបានលោកស្នងការបញ្ជូនខ្លួនទៅមណ្ឌលស្តារនីតិសម្បទាព្យាបាល និងបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានច្បាស់ការាណ៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា មានមន្ត្រីនគរបាលចំណុះស្នងការនគរបាលខេត្តព្រៃវែង ចំនួន ១១រូប ចាប់ពីមន្ត្រីរហូតដល់នាយរហកាតិយាល័យ ត្រូវបានរកឃើញមានផ្ទុកសារធាតុញៀន ក្រោយពីយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្ត ប៉ុន្តែអត្តសញ្ញាមន្ត្រីទាំង ១១រូបនោះ មិនត្រូវបានបង្ហាញឲ្យស្គាល់ឡើយ ព្រោះនេះពួកគេត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាល និងបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីមានការបែកធ្លាយរឿងអាស្រូវមន្ត្រីនគរបាលខេត្តព្រៃវែង មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តមួយនេះ បានចេញសេចក្តីបំភ្លឺថា «ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គម ស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តព្រៃវែង ចំនួន ១១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន»។
ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែតុលា ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ, បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣, វរនគរបាលការពារព្រំដែនលេខ ៦០៧, ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។
ស្នងការនគរបសលខេត្តព្រៃវែង បានបញ្ជសក់ថា ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងបន្ថែមទៀតថា ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតតាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ។
សូមជម្រាបថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀនចំពោះមន្ត្រីនគរបាលខេត្តព្រៃវែង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តព្រៃវែង មិនគិតពីតួនាទី បុណ្យស័ក្កិ ឬជាអ្វីឡើយ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង នេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងរៀបចំធ្វើយុទ្ធនាការនេះ ជាបន្តបន្ទាប់ទៀត ដោយមិនមានការជូនដំណឹងទុកជាមុនឡើយ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងធ្វើការប្រកាសអាសន្នភ្លាមៗ ក្នុងករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្តពិនិត្យក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា «មន្ត្រីនគរបាលរូបនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន»៕