ថ្វីបើលោកតា សួង ដែលប្រជាជន ថៃ នាំគ្នាហៅថា លោកតាឪ បានសុគតទៅជាង ២០ ឆ្នាំទៅហើយក្តី តែភាពល្បីល្បាញនៃមន្តអាគម និង យ័ន្តរបស់គាត់នៅតែស័ក្តិសិទ្ធិ ពិសេសយ័ន្តខ្លែងឯកខ្មែរ។ លក្ខណៈពិសេសនៃយ័ន្តរបស់លោកតា សួង គឺ «យ័ន្តខ្លែងឯកខ្មែរ» ដែលចារដោយអក្សរខ្មែរបុរាណ សម័យមុនអង្គរ និង សម័យអង្គរ។
អក្សរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអ្នកសច្ចំនៅតាមជួរភ្នំដងរែក ដូចជា ភ្នំព្រះវិហារ ភ្នំគូលែន ភ្នំត្បែង ជាដើម ដែលសុទ្ធសឹងតែជាអ្នកសម្រេចនូវ ឈាន និង អភិញ្ញា អាចដកព្រលឹងវិញ្ញាណចេញពីរូបកាយបាន ចេះមន្តអាគម ចេះវិធីព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធិតាមបែបបុរាណ និង ចេះទស្សន៍ទាយប្រមើលមើលអំពីនិស្ស័យរបស់សត្វលោក។
តេជានុភាពនៃយ័ន្តរបស់លោកតា សួង គឺជួយបណ្តេញពពួកព្រាយអសុរកាយ អាប ធ្មប់ អំពើអំព័ន្ធចេញពីក្នុងខ្លួន ជួយឱ្យមានលាភជ័យ និង ជួយការពារខ្លួនពីគ្រោះមហន្តរាយផ្សេងៗ។
អ្នកសច្ចំភ្នំត្បែង លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥ កើត ខែ កត្ដិក ឆ្នាំ ជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ក្នុងត្រកូលកសិករ នៅភូមិ គូលែនជើង ឃុំ គូលែនជើង ស្រុក គូលែន ខេត្ត ព្រះវិហារ។ ឪពុកឈ្មោះ ពួត ជុក ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន ៨ នាក់។
នៅឆ្នាំ ១៩៤០ ឪពុកម្ដាយបានបញ្ជូនឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្ត គូលែនជើង។ អាយុ ១៨ ឆ្នាំ បានបួសជាសាមណេរ និង បានបំពេញជាព្រះភិក្ខុក្នុងព្រះជន្ម ២០ ព្រះវស្សា។ ក្នុងឆ្នាំ ១៩៤៥ លោក បានលាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារមួយរយៈ ក៏ថ្វាយបង្គំលាឳពុកម្ដាយទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និង មន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធិ។
បន្ទាប់មកនៅឆ្នាំ ១៩៧០ លោកតា សួង បាននិមន្តចុះពី ភ្នំត្បែងធ្វើការផ្សព្វផ្សាយព្រះធម៌អប់រំអ្នកស្រុក ឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ និង ជួយព្យាបាលអ្នកមានជំងឺ។ តាំងពីពេលនោះគុណធម៌អ្នកសច្ចំភ្នំត្បែងបានល្បីសុសសាយគ្រប់ទិសទីរហូតដល់ព្រះរាជាណាចក្រថៃ។
លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី ៨ ខែកញ្ញា គ.ស.២០០០ នៅវត្ត ព្រៃផាថាណា ស្រុកភូសិញ ខេត្តស៊ីសាកេត (ព្រះរាជាណាចក្រថៃ) ក្នុងព្រះជន្ម ៧៦ ព្រះវស្សា៕