ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងផែនការការងារសមហេតុសមផលស្តីពីបច្ចេកទេសថែទាំ ជួសជុល សាងសង់ និង ត្រួតពិនិត្យវាយតម្លៃភាពរឹងមាំហេដ្ឋារចនាសម្ព័ន្ធគ្រឹះផ្លូវចាស់ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំដៅធ្វើយ៉ាងណាឱ្យគម្រោងផែនការការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ចីរភាព សុវត្ថិភាព និងប្រសិទ្ធភាព ដោយប្រើប្រាស់បច្ចេកទេសឌីជីថលទំនើប ធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានសោភ័ណភាព។
អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស និងដាក់ចេញផែនការសកម្មភាពជាច្រើនរួមមាន៖ ដំណោះស្រាយចំពោះមូលហេតុដែលធ្វើឱ្យផ្លូវខូច ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរងគ្រោះ ឬយាយីដោយទឹកជំនន់ ប្រើប្រាស់ផែនទីមេអភិវឌ្ឍន៍បណ្តាញផ្លូវនិងបញ្ជីសារពើភ័ណ្ឌផ្លូវថ្នល់ ការងារថែទាំប្រចាំ និងថែទាំខួប វាស់វែងសន្ទស្សន៍កម្រិតទ្រុឌស្រទាប់កម្រាលផ្លូវ រាប់ចំនួនចរាចរណ៍ និងយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ ការដោះស្រាយផលប៉ះពាល់ ការងារបង្ហាប់ស្រទាប់គ្រឹះផ្លូវ ការងារធារាសាស្ត្រផ្លូវថ្នល់ អធិការកិច្ចផ្លូវថ្នល់ ការងារគ្រប់គ្រងលទ្ធកម្ម និងគោលដៅអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕