2023-11-03 17:55
409

(កំពង់ធំ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗដែលកើតមានឡើងជា យថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន។

លោកបានបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារ បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា។

ការជំរុញនេះ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ និងអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ហើយបានដឹកនាំកិច្ចប្រជុំពង្រឹងការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ស្តាប់នូវរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តន៍បន្ត លើកឡើងដោយលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ រួចមក លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងជម្រុញលើកទឹកចិត្តឲ្យប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានភាពរីក ចំរើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ។

លោករដ្ឋមន្រ្តី បានធ្វើការដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីឲ្យដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន នេះជាផែនការការងារដែលត្រូវបានដាក់ចេញក្នុងឱកាស លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង ការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ជាមួយនេះត្រូវបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួសមន្រ្តីដែលចូលនិវត្តន៍។ ទន្ទឹមនេះធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានណែនាំដល់អ្នកសារព័ត័មាន ត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះថាខ្លឹមសារព័ត៌មាន គឺជាចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់អ្នកសារព័ត៌មាន ដែលបានបំពេញតូនាទីយ៉ាងសំខាន់ជាប្រពន្ធ័ផ្សព្វផ្សាយ ដែលនាំយកនូវព័ត៌មានពិត និងការពិត ជូនដល់សង្គម តាមរយៈការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់។

លោករដ្ឋមន្រ្តី បានគួសបញ្ជាក់ពី ការងារសន្តិសុខព័ត៌មាន ដែលសំដៅទៅលើការធានាឲ្យបាននូវការទទួលព័ត៌មានរបស់សាធារណជន ខ្លឹមសារដែលមានគុណភាព មានសុវត្ថិភាពក្នុងការប្រើប្រាស់។ លោកបានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់៕