2023-11-03 17:57
438

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកតាលោសែនជ័យ ចំនួន៧៩គ្រួសារ បានទទួលស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ គ្រប់គ្រងគ្រោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ស្តារឡើងវិញក្រោយពីទឹកសម្រក ដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ១០០គីឡូក្រាម។

ពិធីចែកជូនស្រូវពូជនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលាឃុំតាលោ ស្រុកតាលោសែនជ័យ ក្រោមវត្តមាន លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។

លោក ខូយ រីដា បានថ្លែងដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋទាំង៧៩គ្រួសារ មកទទួលយកស្រូវពូជ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយស្បៀង និងស្រូវពូជជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងនាចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៣កន្លងមក នៅទូទាំងខេត្ត បានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងភាពជឿជាក់។

លោកអភិបាលខេត្តបានថ្លែងទៀតថា កន្លងមកយើងបានចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ជាក់ស្តែងដូចនៅស្រុកតាលោសែនជ័យនាពេលនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពជីវភាពរបស់បងប្អូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយនេះគឺជាស្រូវពូជសម្រាប់ស្តារឡើងវិញ បន្ទាប់ពីទឹកសម្រក។

ជាមួយគ្នានោះលោកបានណែនាំឲ្យមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត លើការងារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទាំងខេត្ត។

លោកក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឲ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងបង្កើនមុខរបរផ្សេងៗទៀត ដើម្បីរួមគ្នាស្តារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្នុងន័យកាត់បន្ថយភាពក្រីក្រ។ លោកសូមសម្តែងការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ តែងតែបន្តចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺជាមោទនភាពក្រៃលែង។


ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យស្ថានភាពជាក់ស្តែង នៅចំណុចដែលរាំងស្ទះលំហូរទឹក ព្រមទាំងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវកាយរំដោះទឹក និងធ្វើការកាប់បំផ្លាញចោលនូវរបាំងស្បៃមុង លូកង ដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក បង្កឱ្យលិចលង់ស្រែស្រូវ ផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្បែរនឹងប្រឡាយថ្មីឃុំតាលោផងដែរ៕