(កំពង់ស្ពឺ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមផងដែរពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។
ក្នុងជំនួបនាឱកាសនេះ លោក ប៉េង ពោធិ៍នា បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ស្របជាមួយគ្នានេះ ក្រសួងក៏បានរៀបចំកំណែទម្រង់ដោយមានផែនការអាទិភាពចម្បង ២ចំណុចធំៗ អមដោយយន្តការសម្រាប់អនុវត្តចំនួន ៤ចំណុចផ្សេងទៀត រួមមាន៖ (១) ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអភិវឌ្ឍន៍ធនធានមនុស្ស (២) ពិពិធកម្មនៃប្រភពធនធានថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា (៣) ពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារ ដល់មន្ត្រីមានស្នាដៃ និងបានផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន មួកការដ្ឋាន អាវចំណាំងផ្លាតម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕