2023-11-03 18:04
440

(តាកែវ)៖ លោក ណុប រ័ត្ននិមល បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវ ចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។

លោក ណុប រ័ត្ននិមល តំណាងឯកឧត្ដម កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងក្នុងឱកាសដង្ហែអង្គកឋិនទានវេរប្រគេនព្រៈសង្ឃគង់ចាំ ព្រះវស្សាអស់កាលត្រី នៅក្នុងពុទ្ធសីមាវត្តលឹមពូលសាមគ្យារាម និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរបាយការណ៍របស់លោកអភិបាល ក្រុងដូនកែវ បានឱ្យដឹងថា ស្ថានភាពសន្តិសុខសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក្នុងនោះ វិស័យព្រះពុទ្ធសាសនាក៏មានការវិវត្តន៍រីកចម្រើន ស្របទៅនឹងវិស័យអាណាចក្រផងដែរ។ ព្រះវិហារ សាលាធម្មសភា កុដិ សាលាពុទ្ធិកៈសិក្សា សាលាឆាន់  ស្រៈទឹក ក្លោងទ្វារ និងរបង គ្របទីអារាមវត្ត ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់ ទាំងនេះដោយទឹកចិត្តសទ្ធាជ្រៈថ្លា ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស។

លោក ណុប រ័ត្ននិមល បានថ្លែងថា ការដង្ហែអង្គកឋិនទាន មកវេរប្រគេនព្រសង្ឃវត្តលឹមពូល នាពេលនេះ ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ទាំងនេះគឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកំសាន្ត ប្រកបរបរកស៊ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ មនុស្សជាតិលើពិភពលោក និងបន្តចូលរួមការកសាងអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង ស្រីលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តលឹមពូល សរុបចំនួន ៥៧លាន ៥៩ម៉ឹនរៀល ក្នុងនោះបច្ច័យរបស់ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៣០លានរៀល។

បានប្រគេនព្រះសង្ឃក្រាលគ្រង បច្ច័យ៤០ម៉ឺនរៀល ព្រះសង្ឃគ្រូសូត្រស្តាំ-ឆ្វេង បច្ច័យ២០ម៉ឺនរៀល និងព្រះសង្ឃគង់ហត្ថបាស ៤អង្គ ក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល។ ជាមួយគ្នានេះ ក៏បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវ ពេជ ច័ន្ទមុនី ឧបត្ថម្ភជូនយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គ្រូពេទ្យ ក្រុមយុវជន ប្រជាពលរដ្ឋ សាលាក្រុង ក្រុមប្រឹក្សាសង្កាត់ គណៈកម្មការអាចារ្យវត្ត និងកងកម្លាំងមានសមត្ថកិច្ច មានក្រណាត់ស និងថវិការមួយចំនួនទៀត៕