2023-11-03 18:05
447

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង។


ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ឆ្នាំ២០២៣ ប្រារព្ធធ្វើក្រោមអធិបតីភាពលោកស្រី កែ ចន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ថ្លែងទៅកាន់សមាជិកសមាជិកាក្នុងអង្គពិធីនាពេលនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីក រាយអបអរសាទរ និងដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជាដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯក ភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ ដើម្បីប្រទេសជាតិ។

អភិបាលខេត្ត បានថ្លែងថា សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញា ញាណយ៉ាងខ្លាំងខ្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះ រាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ប្រជាពល រដ្ឋបានសំដែងនូវអំណរសាទរ និងក្តីសប្បាយរីករាយ ចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាបានឡើយ៕