2023-11-03 18:11
841

ភ្នំពេញ៖ ក្រុមចោរញីឈ្មោល ចំនួន ០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ 
អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចកាច់កម៉ូតូ ០១គ្រឿង នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ 

ក្រោយពេលទទួលព៏ត៌មានភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ តាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖ ឈ្មោះ តាំង ប៊ុនធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ និង ឈ្មោះ យ៉ា សុខណាង ភេទស្រី អាយុ ២៨ឆ្នាំ ដោយចាប់យកវត្ថុតាង ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០២២ ស្លាកលេខ ស្វាយរៀង 1T-2940 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។ 

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕