ព្រះសីហនុ៖ នាវាទេសចរណ៍ដ៏ធំខ្នាតអន្តរជាតិ មានឈ្មោះ VIKING ORION បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ចំនួន ៨៦៨នាក់ ស្រីចំនួន ៤៥០នាក់ មាន ១៨សញ្ជាតិ ចូលមកចកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដើរកម្សាន្តរយៈពេល ០២ថ្ងៃទើបបន្តដំណើរទៅប្រទេសផ្សេងទៀត។
នាវាទេសចរណ៍ខាងលើ បានចូលមកសំចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។
កងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តព្រះសីហនុ បានចុះតាមគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ជួនភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ដែលធ្វើដំណើលើនាវាមានឈ្មោះ VIKING ORION ដើម្បីទស្សនា កម្សាន្ត តាមឆ្នេរសមុទ្រ ទីផ្សារ និងមណ្ឌលកម្សាន្តនានាផងដែរ។
នាវាទេសចរណ៍ VIKING ORION មានបណ្តោយ ២២៨.៣០ម៉ែត្រ, ទទឹង ២៨.៨០ម៉ែត្រ និងជម្រៅទឹក ៦.៦៥ម៉ែត្រ ធ្វើដំណើរមកពីប្រទេសវៀតណាមដែលមាននាវឹក ចំនួន ៤៦៩នាក់ ស្រីចំនួន ៩៤នាក់ មាន ៥០សញ្ជាតិ, មានភ្ញៀវទេសចរណ៍ ចំនួន ៨៦៨នាក់ ស្រីចំនួន ៤៥០នាក់ មាន ១៨សញ្ជាតិ។
នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទីរសៀល ទៅកាន់ប្រទេសជាគោលដៅទេសចរណ៍ផ្សេងៗទៀត៕