(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារនាំអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនបងប្អូនអាជីវករខ្មែរ ដែលរងគ្រោះដោយអគ្គិភ័យបណ្តាលឱ្យឆេះតូបលក់ដូរក្នុងផ្សារឆងចម ប្រទេសថៃ ជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
នៅក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនបងប្អូនក្រុមអាជីវករដែលមានវត្តមាននៅទីនេះ ដោយក្ដីនឹករំលឹក និងចូលរួមសោកស្តាយចំពោះហេតុការអគ្គីភ័យ ដែលបណ្តាលឱ្យឆេះផ្សារ «ឆងចម» ធ្វើឱ្យខូចខាតសម្ភារៈលក់ដូររបស់បងប្អូនអស់មួយចំនួនធំ។
អភិបាលខេត្ត បានបញ្ជាក់ថា៖ «គ្រាន់តែទទួលបាននូវព័ត៌មាននេះភ្លាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំឱ្យមន្ត្រីសាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ នាំយកអំណោយមកចែក ជូនបងប្អូនភ្លាមៗ ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា។លោកថាបើទោះបីជាអំណោយនេះមិនបានគ្រប់តាមតម្រូវការ គ្រប់ចំនួនតាមការខូចខាតជាក់ស្ដែងក៏ពិតមែន តែក៏បានជួយចែករំលែកដល់អាជីករ រងគ្រោះបានមួយចំណែក ដើម្បីជួយសម្រាលជីវភាពបងប្អូនខ្លះៗដែ»រ។
លោក ប៉ែន កុលស្យ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក៏ដូចជាចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លក្រ ឬប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឬអគ្គីភ័យ សម្តេចតែងតែនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយនោះទេ ហើយទីណាមានទុក្ខលំបាក ទីនោះតែងតែមានមុខអាជ្ញាធរ ជាពិសេសមន្ត្រីកាកបាទក្រហមតែងចុះជួយបងប្អូនគ្រប់ពេល វេលា ហើយការចុះមកជួយនេះគឺមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់។
លោកបានបន្តថា គ្រោះធម្មជាតិតែងកើតឡើងជាយថាហេតុ ប៉ុន្តែបើបណ្តាលមកពីអគ្គីភ័យបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងឱ្យបានជាប់ជាប្រចាំ បង្ការកុំឱ្យគ្រោះអគ្គីភ័យកើតមានឡើង ព្រោះពាក្យចាស់ពោលថា «ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិច ទូកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ»។
លោកអភិបាលខេត្ត ក៏បានអំពាវនាវជារួមចំពោះប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនចាកចេញពីផ្ទះ ឬពីមូលដ្ឋានអាជីវកម្មរបស់ខ្លួន ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើងនៅចង្ក្រានបាយ ភ្លើងធូប-ទៀនពេលសែនព្រេនផ្សេងៗ ត្រូវពន្លត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិដូចករណីភ្លើងឆេះនេះទៀត។
សូមបញ្ជាក់ថា ផ្សារ «ឆងចម» គឺជាផ្សារមួយស្ថិតក្នុងស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ជាប់ព្រំប្រទល់ច្រកអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្សារនេះត្រូវបានអភ្គីភ័យឆាបឆេះកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបានរលត់វិញនាវេលាម៉ោងប្រមាណ ១រំលងអធ្រាត ដែលអគ្គីភ័យឆេះផ្សារឆងចមនេះ គឺមូលហេតុដោយសារឆ្លងទុស្សេចរន្តអគ្គិសនី។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនៅផ្សារ «ឆងចម» នេះ គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២០គ្រឿង (រថយន្តកាស៊ីណូ អូរស្មាច់ រឺសតចំនួន ១គ្រឿង) ដោយប្រើប្រាស់ទឹកអស់ប្រមាណ ៥០ឡាន។ គ្រោះអគ្គីភ័យនេះបណ្តាលឱ្យខូចខាតតូបលកលដូរសរុប ៣២០តូប មានម្ចាស់សរុប២០៣នាក់ ក្នុងនោះអាជីវករជនជាតិខ្មែរ ចំនួន១៩៦នាក់ និងអាជីវករជាជនជាតិថៃ ចំនួន០៧នាក់ ទំហំនៃការខូចខាតសរុបគិតជាទឹកប្រាក់ប្រមាណ ១៧៨,០៥៦,០០០បាត។
លោក ប៉ែន កុសល្យ ក៏បានកោតសរសើរ ក៏ដូចជាថ្លែងអំណរគុណចំពោះកិច្ច អន្តរាគមន៍របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តសុរិន្ទ ប្រទេសថៃ ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចរបស់កម្ពុជា ក្នុងការជួយពន្លត់អគ្គិភ័យ និងវិធានការអន្តរាគមន៍នានាទាំងក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយអគ្គិភ័យ ចំពោះបងប្អូនអាជីវករខ្មែរទាំងអស់។អំណោយផ្តល់ជូននាឱកាសនេះក្នុងអាជីវករមួយតូបទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន ១កេសតូច ត្រីខចំនួន១០កំប៉ុង ទឹកស៊ីអ៉ីវចំនួន ៦ដប និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ។
លោកក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យដោយផ្ទាល់ នៅទិដ្ឋភាពផ្សារ «ឆងចម» ដែលរងការឆាបឆេះដោយអភ្គីភ័យកន្លងមកផងដែរ៕