2023-11-06 15:55
416

ខេត្តបន្ទាយមានជ័យ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំលៀប បានឃាត់ខ្លួនជនសង្ស័យ០២នាក់ដែលធ្វើសកម្មភាពគប់ដុំឥដ្ឋទៅលើកម្លាំងនគរបាល០២នាក់កំពុងជិះម៉ូតូប្រតិបត្តិការល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានពេលយប់បណ្តាលឲ្យរងរបួស០១នាក់ ។

ករណីនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេតុ្តបន្តាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំលៀបចំនួន៤នាក់ជិះម៉ូតូ០២គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក ភត់ កញ៉ា ឋាន:នាយរងប៉ុស្តិ៍ បានជិៈម៉ូតូល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានស្របពេលនោះមានម៉ូតូ០១គ្រឿងជិះគ្នា០២នាក់ បើកបរក្នុងទិសដៅផ្ទុយគ្នាមាន០១នាក់បានគប់ដុំឥដ្ឋតាន់ទៅលើមន្ត្រីនគរបាលកំពុងជិះម៉ូតូល្បាតត្រូវ០១នាក់ស្នងជើងខាងឆ្វេងរយាស់ដាច់ប្រវែង៤សង់ទីម៉ែត្រ(ស្រាល) ។

នគរបាលបានបន្តថា៖ក្រោយមានហេតុការណ៍កើតឡើងកម្លាំងនគរបាលបានដេញតាមនិងបានឃាត់ខ្លួនជនទាំង២នាក់មកសួរនាំមាន១/- ឈ្មោះ រ៉ា រ៉ង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ អ្នកបើកម៉ូតូ ។២/-ឈ្មោះ តុក វីត ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ  នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ អ្នកជិះក្រោយនិងជាអ្នកគប់ដុំឥដ្ឋទៅលើកម្លាំងនគរបាល ។

នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយឃាត់ខ្លួនឈ្មោះ រ៉ា រ៉ង អ្នកបើកម៉ូតូ សារភាពថា ដំបូងពួកគេបានជិះម៉ូតូមកពីផឹកស៊ីនៅស្រុកក្រឡាញ់ ពេលត្រឡប់វិញឃើញមានម៉ូតូ២គ្រឿងបើកច្រាសទិសគ្នាហើយបានលឺសូរប្រាវ ដោយមិនបានដឹងមូលហេតុរួចបានជិះបន្តមកនៅការាសសាំងជាប់ផ្លូវជាតិដោយមិនបានដឹងថាឈ្មោះ តុក វីត អ្នកជិះក្រោយបានគប់ដុំឥដ្ឋទៅលើគេនោះទេ ។

ចំណែកឈ្មោះ តុក វីត អ្នកជិះក្រោយបានសារភាពថាខ្លួនគេពិតជាបានគប់ដុំឥដ្ឋទៅលើអ្នកជិះម៉ូតូនោះមែន ៕