នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយឯក ទ្រិញ វិញផា អតីតលេខាមេបញ្ជាការ នៃអង្គភាពទ័ពធំទី៤ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ក្នុងនាមជាប្រទេសភូមិផងរបងជិតខាងគ្នា ត្រូវបានរក្សា និងបន្តសហការគ្នាកាន់តែជិតស្និទ្ធប្រកប ដោយមនោសញ្ចេតនាទាំងផ្នែកនយោបាយ ការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងនិងពង្រីកនូវចំណងសម្ព័ន្ធមេត្រីភាព ហើយសម្រាប់ខេត្តបាត់ដំបង ក៏បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាដៃគូយុទ្ធសាស្ត្រក្នុងការសម្រេចឲ្យបានតាមកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងបណ្តាខេត្ត-ក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចំណងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តបាត់ដំបងកន្លងទៅជាមួយបណ្តាខេត្ត-ក្រុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានខេត្តត្រាវិញ, ខេត្តតៃនិញ, ខេត្តឡុងអាន, ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា។
កិច្ចសហប្រតិបត្តិការទាំងនោះគឺផ្តោតលើឯកសារកំណត់ហេតុកិច្ចព្រមព្រៀងលើវិស័យឧស្សាហកម្មវិនិយោគ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម សង្គមកិច្ច វប្បធម៌ អប់រំ កីឡា វប្បធម៌ និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តឡុងអាន ក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត
វៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានអនុញ្ញាតឲ្យខេត្តបាត់ដំបង និងខេត្តនៅតំបន់ពាយ័ព្យ ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងមួយចំនួនរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជម្រុញកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យទ្វេភាគី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធទាំងផ្នែកនយោបាយការទូត ជាពិសេសការទំនាក់ទំនង និងការផ្លាស់ប្ដូរបទពិសោធន៍ រួមគ្នាដោះស្រាយបញ្ហា ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសយើងទាំងពីរ ដែលបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកឥតឈប់ឈរ ព្រមទាំងផ្សាភ្ជាប់នូវ
ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យកាន់តែមានភាពរឹងមាំទ្វេដងថែមទៀត ៕