2023-11-07 09:59
430

ខេត្តប៉ៃលិន៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន លោក តង់ ធារ៉ា បានប្រាប់ឱ្យដឹងថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្ដើមដំណើរការដោយភាពល្អប្រសើរ ហើយនៅព្រឹកនេះក្នុងមណ្ឌលប្រឡងមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ព្រោះបេក្ខជនបានទទួលនូវការណែនាំ និងបទបញ្ជាច្បាស់លាស់នៅតាមមណ្ឌលនីមួយៗដែលបានបិទផ្សាយមុនពេលប្រឡង។

លោក គិត ធីរ៉ា ស្នងការរងខេត្តប៉ៃលិន និងប្រធានក្រុមការងារសន្តិសុខ ទទួលដឹកនាំសន្តិសុខសុវត្ថិភាព ក្នុងមណ្ឌលប្រឡង បានឱ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពុំមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ។

ចំណែកលោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ការប្រឡងនេះមានការយាមកាមយ៉ាងតឹងរឹង គឺមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់ យកសំណៅឯកសារ ឬលួចចម្លងព្រុយយ៉ុងនោះឡើយ ថែមទាំងមានមន្រ្តីនគរបាលបុរស នារី ឈរចាំ យាមមិនឱ្យមានឪពុកម្តាយ ឬបងប្អូនណាម្នាក់ យកចម្លើយទៅបោះចូលក្នុងបន្ទប់ប្រឡងនោះដែរ។

លោក សៀ សុខុម អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ក្នុងនាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់ឱ្យលោកដឹកនាំក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនចុះរៀចំសណ្តាប់ធ្នាប់ យ៉ាងល្អ ដោយមានអ្នកខ្លះចាំទទួលការផ្ញើកង់ ម៉ូតូ របស់បេក្ខជន ដោយឥតគិតថ្លៃ និងមានការតាមដាន សកម្មភាពរបស់បេក្ខជនដោយយកចិត្តទុកដាក់បំផុត ជាពិសេសគឺ ត្រៀមជាស្រេចនូវថ្នាំសង្កូវ ប្រេងកូឡា ដើម្បីងាយស្រួលក្នុងការសង្គ្រោះបន្ទាន់ពេលបេក្ខជនមានបញ្ហាឈឺក្បាលវិលមុខពេលប្រឡងជាដើម។លោក ក៏សូមជូនពរ និងសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រ កាលពីដើមឆ្នាំកន្លងមករហូតដល់ថ្ងៃប្រឡងនឹងទទួលបានជោគជ័យគ្រប់ៗគ្នា៕ដោយ÷ស សារឿន