2023-11-07 10:05
453

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ បានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរព្រះកុសមៈ ព្រោះតែបើករបររថយន្តប្រដេញបង្ក្រាប មុខសញ្ញាចាស់ជាចោរធ្លាប់ធ្វើសកម្មភាពវ៉ៃធាកប្លន់ម៉ូតូរបស់ជនរងគ្រោះបានសម្រេច និងព្យាយាមបើករត់គេចខ្លូនពីការតាមប្រមាញ់របស់សមត្ថកិច្ច។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង ១៨និង០០នាទីយប់ ដល់ម៉ោង ០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុច ស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ចំនួន ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច មានគ្រោះថ្នាក់រងការខូចខាតទាំងស្រុង ព្រមទាំងកម្លាំងល្បាត ចំនួន ០២នាក់ រងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់។

ប្រតិបត្តិការដ៏គ្រោះថ្នាក់ខាងលើ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ រួមមាន៖ ទី១- ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូជនរងគ្រោះ និងទី២- ឈ្មោះ រ៉ា ស៊ីយ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ តែដោយយុវជនរូបនេះ ពុំមានតម្រុយអ្វីជាប់ពាក់ព័ន្ធបទល្មើស ក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។

នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារ នាំយកថវិកា និងអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជាថវិកា ចំនួន ២លានរៀល, ទឹកក្រូចដប ០២កេស, ទឹកសុទ្ទ ០៣កេស, ទឹកដោះគោឆៅ០២យួរ, ផ្លែក្រូចពោធិ៍សាត់ចំនួន ២ឡូ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ យិន ចំរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលកំពុងបំពេញភារកិច្ច បង្រ្កាបករណីខាងលើ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងលើថ្លៃព្យាបាលទាំងស្រុងផងដែរ៕