2023-11-07 10:12
428

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ឯបក្សពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់កំពុងជិះឡំប្រឺតាបានសម្រេច ហេីយទាក់ដៃចង្កូតម៉ូតូបណ្ដាលឱ្យដួលសង្កត់ពីលើ កាលពីវេលាម៉ោង១១ និង២០ នាទីយប់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៩៥៦ កែងនិងផ្លូវ១០០៣  ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

    ជនសង្ស័យម្នាក់ដែលត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចបានមានឈ្មោះ ចិត្រា ភេទប្រុសអាយុ ១៦ ឆ្នាំ ស្នាក់នៅម្ដុំទួលសង្កែ ចំណែកបក្សពួកម្នាក់ទៀតមិនស្គាល់រត់គេខ្លួនបាត់ មានរហ័សនាម(អាដូច)។

  យោងតាមសម្ដីអ្នករត់ឡំប្រឺតា បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានដឹកភ្ញៀវបុរសជនជាតិចិនម្នាក់ ចេញពីម្ដុំបុរីជីប ម៉ុង ផ្លូវម៉ុងរិទ្ធី យកភ្ញៀវទៅក្រោយផ្សារធីខេ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៥៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1IF-6062 មកពីក្រោយហើយអែបពីចំហៀងរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច តែសំណាងមិនល្អបណ្ដាលឱ្យប៉ះដៃចង្កូតម៉ូតូនិងឡំប្រឺតាដួលសង្កត់ពីលើម្នាក់ភ្លាមៗនោះអ្នកបើកបរម៉ូតូឡំប្រឺតានិងប្រជាពលរដ្ឋឃើញហេតុការណ៍នោះនាំគ្នាចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេខ្លួនបាត់ស្រមោល។

    តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា រូបគេធ្លាប់ធ្វើសកម្មភាពឆក់ចំនួន២លើកមកហើយនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។
   ក្រោយមក ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងសាវជ្រាវរកបក្សពួកម្នាក់ទៀតយកមកផ្ដន្ទាទោសតាមច្បាប់៕