ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញស្ត្រីជនជាតិវៀតណាមដេកស្លាប់នៅផ្ទះជួលសង្ស័យគាំងបេះដូង។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ស្ត្រីខាងលើមានឈ្មោះច្រឹង ធីប៉ិចវ៉ាន់(TRAN THI BICH VAN) អាយុ៥៦ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ:C៤១៧៨២៧២ មានទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នសា្នក់នៅបន្ទប់ផ្ទះជួលលេខ៣១ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថានៅវេលាម៉ោង៩ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា មានករណីមនុស្សដេកស្លាប់ នៅបន្ទប់ផ្ទះជួលលេខ៣១ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ទេព ប៉ោក ភេទប្រុស សិ្ថតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រី ស្នងរងទទួលផែនការងារព្រហ្មទណ្ឌខេត្ត បានដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុនិងកម្លាំងជំនាញនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តនិងលោកវេជ្ជបណ្ឌិត ភួង សំណាង គណ:កម្មកាកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលនីតិវិធីពីលោកឡាយ ជុងហេង ព្រះរាជអាជា្ញរងនៃអយ្យការអមសាលា ដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព ដោយការសន្និដ្ឋានផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពការស្តាប់ចម្លើយសាក្សីបំភ្លឺ និងឆែកវីដេអូកាមេរ៉ាសុវត្តិភាព គឺ ស្លាប់ដោយសារគាំងបេះដូងអាចបណ្តាលមកពីលើសសម្ពាធឈាមធ្វើអោយដាច់សរសៃឈាមខួរក្បាល។
បច្ចុប្បន្ន សាកសពត្រូវបានបញ្ជួនតាមរថយន្តទៅប្រគល់ជូនការិយាល័ពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេល និងវិសាស្រ្តរក្សាទុកនៅវត្ត ស្ទឹងមានជ័យរាជធានីភ្នំពេញ ៕