2023-11-07 16:56
653

សៀមរាប៖ លោកទំទាវទី១នៃកម្ពុជា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិក Gold Award របស់ FAPW និងជាសមាជិក Global Award របស់សហគម OB-PS បានដឹកនាំក្រុមមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នាដាំដើមឈើខាងលិចប្រាសាទអង្គរវត្ត នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រារព្ធពិធីដាំដើមផ្កាព្កុល មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍអនាគតកុមារី និងយុវតី” នាបរិវេណត្រពាំងសេស ខាងលិចប្រាសាទអង្គរវត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិក Gold Award របស់ FAPW និងជាសមាជិក Global Award របស់សហគម OB-PS។

សម្រាប់មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមកលើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់ប្រសើរឡើង។

ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ តែផ្ទុយទៅវិញ គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Dato' Dr Juseon Byun ដែលជាស្ថាបនិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ីហ៊្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក មិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជាផ្ទាល់។ លោកជំទាវសូមសម្តែងនូវក្តីរំភើប និងមានមោទនភាពជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលមិត្តកាយឫទ្ធិនារីប្រចាំកម្ពុជាសម្រេចបានរហូតមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងទៅ បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា ការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្តាលដល់កុមារី យុវតី និងស្រ្តីវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។

សម្តេចធិបតីបានថ្លែងកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន»។ សម្តេចធិបតី បានប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

សម្តេចធិបតីបានថ្លែងថា «សម្តេចជឿជាក់ថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និងគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ»។

សម្តេចធិបតីបានបញ្ជាក់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។ នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។ រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងធ្វើដូចបានគូសបញ្ជាក់ដោយលោក ស្រីបណ្ឌិត ចូសិន បាយអុន (Juseon Byun) ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាន និងកំពុងអនុវត្ត និងសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕