ព្រះសីហនុ៖ ពិតជាគួររន្ធត់បំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដមួយ ដែលបង្កឡើងដោយរថយន្តតូច ធំ ចំនូន ០៣គ្រឿង បុករះគ្នាតាម ណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ (១៥៨-១៥៩) ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ០២នាក់រងរបួស និងខួចខាតរថយន្ត ០៣គ្រឿង។
នគរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ដ ០១គ្រឿង ម៉ាក TOYOTA COASTER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-0498 រថយន្ដដឹកអ្នកដំណើរ ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ ឡុង ប៉េងអៀង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកដល់ចំណុចខាងលើ រថយន្តនេះបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន រួចបានកៀររថយន្ដ កុងតឺនរ័ ០១គ្រឿង ម៉ាក FUSO ពណ៌បៃតង ក្បាលរថយន្តពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1700 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0008 ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ថុន ចាន់ថង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិព្រៃបេង ឃុំស្ដុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលបានបន្ថែមថា ក្រោយបុកប៉ះជាមួយរថយន្តកុងតឺន័រ រថយន្ដ TOYOTA COASTER មិនទាន់អស់ល្បឿនក៏បន្ដជ្រុលទៅបុកប៉ះរថយន្ដ ០១គ្រឿងទៀត ម៉ាក TOYOTA HINGLANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AK-6127 ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ លី ចាន់ថេង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិក្រាំងដូងទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអ្នករួមដំណើរ ០១នាក់ ឈ្មោះ អោក ចិន្ដា ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នគរបាលបានបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមានមនុស្សរងរបួស ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឡុង ប៉េងអៀង ភេទប្រុស អ្នកបើកបររថយន្ដម៉ាក TOYOTA COASTER រងរបួសមធ្យម និងទី២- ឈ្មោះ អោក ចិន្ដា ភេទស្រី អ្នករួមដំណើររថយន្ដម៉ាក TOYOTA HIGHLANDER រងរបួសមធ្យម។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនវាលរេញ។ រីឯវត្ថុតាងរថយន្ដទាំង ០៣គ្រឿង សមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោះស្រាយបន្ត៕