2023-11-08 08:17
550

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា «ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៧ (7th Angkor Ultra Trail 2024) អាចផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប ទៅកាន់ពិភពលោក ជាពិសេសទៅកាន់ប្រទេស ដែលមានកីឡាករ-កីឡាការិនីចូលរួមរត់»។ 

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបណ្ឌិតអញ្ជើញចូលរួមក្នុងពិធី សន្និសិទការសែតពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ ឆ្នាំ២០២៤ (7th Ultra-Trail Angkor 2024)។ 

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាការរៀបចំនេះ បានបញ្ជាក់ថា «ខ្ញុំគិតថា មានប្រយោជន៍សំខាន់ណាស់ ទៅដល់វិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីកម្ពុជា ពិសេសផ្សព្វផ្សាយពីបរិស្ថាន នៃតំបន់អង្គរ បន្ទាប់ពីការរៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធកាន់តែស្រស់ស្អាតថែមទៀត»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៧ (7th Angkor Ultra Trail 2024) នេះនឹងចាប់ផ្ដើម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាល «ប្រាសាទអង្គរ» ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា៕