2023-11-08 09:30
558

ភ្នំពេញ៖ លោកស្រី Ann Marie SKELTON (អាន ម៉ារី ស្កេលតុន) ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។ 

លោកស្រី អាន ម៉ារី ស្កេលតុន ថ្លែងកោតសរសើបែបនេះ ក្នុងជំនួបជាមួយលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ និងលោកស្រី ព្រមទាំងសហការី នៅសណ្ឋាគារ Raffles Hotel, Le Royal នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងនៃជំនួបប្រជុំ គឺដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ខ្លឹមសារនៃជំនួបនេះ ក៏មានគោលបំណងដើម្បីពន្លឿនដល់ការអនុម័តច្បាប់ស្តីពី កិច្ចការពារកុមារ និង សៀវភៅណែនាំស្តីពី នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានលើកឡើងថា «ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងអនុវត្តអនុសាសន៍  និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ»។ 

លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា «បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលច្បាប់នេះ នឹងត្រូវពិនិត្យបញ្ចប់ និងដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងដាក់ស្នើទៅរដ្ឋសភាពដើម្បីអនុម័តនាពេលខាងមុខ។

លោក ជា សុមេធី បានថ្លែងបន្តទៀតថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រទាំងជំនួយបច្ចេកទេស និងការផ្តល់ជាមូលនិធិ របស់អង្គការ UNICEF មកក្រសួង ពិសេសចំពោះការគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ»៕