ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកដែកសំប៉ែតចុងស្រួចកាច់សោ.កម៉ូតូ កាលពីវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣០K ផ្លូវលេខ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌបានអោយដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ រ៉ង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣០k ផ្លូវលេខ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ហៀង រ៉ាស៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។
ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ សោខ្សៀលេខ៨ ចំនួន ០១, ដែកសំប៉ែតចុងស្រួចចំនួន១ដើម, ទូរស័ព្ទម៉ាក oppo A83 ចំនួន១គ្រឿងគ្មានលេខសុីម និងម៉ូតូ០១គ្រឿង ម៉ាកឃ្លីក ពណ៌ស សេ៊រីឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8163 បានប្រគល់ទៅអោយជនរងគ្រោះវិញ ។
តាមដំណើររឿង ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោ១៦:០០នាទី ជនរងគ្រោះទេីបនឹងមកពីផ្សារ ហើយបានទុកម៉ូតូនៅមុខផ្ទះ រួចដេីរចូលក្នុងផ្ទះ។ ភ្លាមនោះមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ដោយជនសង្ស័យខាងលេីបានចុះពីលើម៉ូតូមកធ្វេីសកម្មភាពយកដែកសំប៉ែតចុងស្រួច និងសោអក្សរតេកាច់កម៉ូតូលួចជិះចេញបានបន្តិច ស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូឃើញទាន់បានរត់ដេញចាប់ពីខាងក្រោយបណ្តាលអោយម៉ូតូបានជ្រុលទៅបុកទ្វារផ្ទះធ្វើឱ្យដួល និងចាប់ជនសង្ស័យបានម្នាក់ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ រិទ្ធ បានជិះម៉ូតូម៉ាកស្គូពី ពណ៌សគេចខ្លួនបាត់។ ស្របពេលនោះសមត្ថកិច្ចល្បាតអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ទួលសង្កែ២ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕