តាកែវ៖ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ (ក.ប.ប.) បានធ្វើការព្រមានប្តឹងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ យីហោ «L.H.R ង៉ែត សុខុម» និងអ្នកសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយនូវព័ត៌មានលើបណ្តាញសង្គមដោយចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានកិច្ចសហការពីបុគ្គល និងអ្នកសារពត៌មានដែលបានផ្សព្វផ្សាយពត៌មានចោទប្រកាន់ខុសការពិតនោះ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ នឹងដាក់ពាក្យបណ្តឹងទៅតុលាការមានសមត្ថកិច្ច។
ពាក់ព័ន្ធករណីអនុវត្តនីតិវិធីពិន័យអន្តរការណ៍របស់ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ (ក.ប.ប.) ទៅលើដេប៉ូប្រេងឥន្ធនៈមួយកន្លែង នៅស្រុកបាទី ខេត្តតាកែវ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ បានបញ្ជាក់ថា៖ នៅពេលថ្មីៗនេះមានបុគ្គល និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook) តាមរយៈខ្សែវីដេអូ ដោយចោទប្រកាន់ថា “មន្ត្រីអនុវត្តច្បាប់នៃសាខា ក.ប.ប. ខេត្តតាកែវ គៀបស៊ីយកលុយម្ចាស់ស្ថានីយ៍ចំនួន ១លានរៀល”។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ សាខា ក.ប.ប. ខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៣និង៥៧នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈមួយកន្លែង ដែលមានយីហោ “ស្ថានីយ៍ដេប៉ូ L.H.R ង៉ែត សុខុម” ដែលមានទីតាំងស្ថិតនៅ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើ និងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ចវិស័យប្រេងឥន្ធនៈ។ ដោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីអនុវត្តសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការត្រួតពិនិត្យ និងបានរកឃើញថា «ដេប៉ូ លក់ប្រេងខាងលើបាននាំយកប្រភេទសាំងស៊ុបពែរ ពីក្រុមហ៊ុនផ្សេងមកលក់ជូនអតិថិជន (អ្នកប្រើប្រាស់) ដែលនេះជាអំពីមិនសុចរិតក្នុងធុរកិច្ច ហើយល្មើសនឹងមាត្រា១២ (ការអះអាងដោយបំភាន់) នៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមមាត្រា ៤១ នៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់»។
ជាមួយគ្នានេះ មន្ត្រីអនុវត្តច្បាប់បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ស្ថានីយ៍/ដេប៉ូ ចំនួន ៥លានរៀល នឹងបានជម្រាបជូនម្ចាស់ស្ថានីយ៍កដេប៉ូនូវនីតិវិធី នៃការបង់ពិន័យអន្តរការណ៍នោះ ស្របតាមប្រកាសអន្តរក្រសួង លេខ ៣៣៨ សហវ.ប្រក ស្ដីពី នីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់។
សាខា ក.ប.ប. ខេត្តតាកែវ បានឱ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មន្ត្រីអនុវត្តច្បាប់ នៃសាខា ក.ប.ប. ខេត្តតាកែវ បានទទួលនូវលិខិតស្នើសុំបន្ធូរបន្ថយការពិន័យអន្តរការណ៍ពី ៥លានរៀល មកត្រឹម ១លានរៀល ដោយសំអាងថាដេប៉ូនេះរកកម្រៃបានតិចតួច ហើយសន្យានឹងកែប្រែកំហុសរបស់ខ្លួនតាមការណែនាំរបស់អគ្គនាយកដ្ឋាន ក.ប.ប.។ សំណើរនេះ ត្រូវបានមន្ត្រីអនុវត្តច្បាប់ទទួលយក និងឯកភាពបន្ធូរបន្ថយពិន័យអន្តរការណ៍ជូនដល់ម្ចាស់ស្ថានីយ៍/ដេប៉ូ។
លុះនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការស្នើសុំរបស់ម្ចាស់សា្ថន័យ៍/ដេប៉ូ និងការយោគយល់អំពី ផលលំបាកក្នុងការធ្វើឆ្ងាយមកកាន់សាខា ក.ប.ប. ខេត្តតាកែវ ក្នុងការបង់ប្រាក់ពិន័យអន្ដរការណ៍មន្ត្រីអនុវត្តច្បាប់ បានធ្វើដំណើរទៅដល់ស្ថានីយ៍ “ស្ថានីយ៍ដេប៉ូ LH.R ង៉ែត សុខុម” ដើម្បីទទួលប្រាក់ពិន័យអន្តរការណ៍ ព្រមទាំងបានចេញនូវបង្កាន់ដៃបង់ប្រាក់ផ្លូវការជូនដល់ម្ចាស់ដេប៉ូផងដែរ។
ក្រោយពីផ្ទុះរឿងចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានសាខា ក.ប.ប. ខេត្តតាកែវ បានជួបប្រជុំពាក់ព័ន្ធនឹងបាតុភាពខាងលើ ជាមួយរដ្ឋបាលស្រុកបាទី ដែលរួមមាន សមាសភាព អភិបាលស្រុក តំណាងមន្ទីរពាណិជ្ជកម្មខេត្ត អធិការស្រុកបាទី ព្រមទាំងភាគីពាក់ព័ន្ធដែលរួមមានម្ចាស់ស្ថានីយ៍ និងអ្នកសារពត៌មាន ប៉ុន្តែម្ចាស់ស្ថានីយ៍ដេប៉ូ “L.H.R ង៉ែត សុខុម និងអ្នកសារពត៌មាន មិនបានចូលរួមកិច្ចប្រជុំតាមការកោះអញ្ជើញឡើយ”។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ សាខា ក.ប.ប. ខេត្តតាកែវ បានស្នើសុំឱ្យបុគ្គល និងអ្នកសារពត៌មានដែលបានផ្សព្វផ្សាយពត៌មានចោទប្រកាន់ថា “មន្ត្រីអនុវត្តច្បាប់ នៃសាខា ក.ប.ប. ខេត្តតាកែវ គៀបស៊ីយកលុយម្ចាស់ស្ថានីយ៍ចំនួន ១លានរៀល” សូមធ្វើការបំភ្លឺអំពីចេតនា នៃការផ្សព្វផ្សាយញុះញង់វាយប្រហាររបស់ខ្លួន ព្រមទាំងធ្វើការសុំទោស ជាសាធារណៈជូនដល់សាខា ក.ប.ប. ខេត្តតាកែវជាបន្ទាន់។ ក្នុងករណីមិនមានកិច្ចសហការពីបុគ្គល និងអ្នកសារពត៌មាន ដែលបានផ្សព្វផ្សាយពត៌មានចោទប្រកាន់នេះ សាខា ក.ប.ប. ខេត្តតាកែវ នឹងដាក់ពាក្យបណ្តឹងទៅតុលាការមានសមត្ថកិច្ច។សូមរំឭកថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ យីហោ «L.H.R ង៉ែត សុខុម» ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ចុះធ្វើការផាកពិន័យដែរពាក់ព័ន្ធដាក់លក់ជូនអតិថិជន ដោយមិនអនុលោមផ្នែកបរិមាណ និងគុណភាពម្តងរួចមកហើយ ប៉ុន្តែម្ចាស់ស្ថានីយ៍មួយនេះមិនរៀងចាលនៅតែបន្តប្រព្រឹត្តផ្ទុយពីច្បាស់ហាមឃាត់ដដែលរហូតមន្ត្រីជំនាញចុះបង្ក្រាបម្តងទៀត បែរជាចោទប្រកាន់មកលើមន្ត្រីដោយគ្មានមូលដ្ឋានបែបនេះ៕