(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប បានចុះជួបសួរសុខទុក្ខ សំណេះសំណាល ក្រុមកីឡាករចំណុះទូក (ង) ដែលត្រូវចូលរួមការប្រកួត នៅថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីចុះសួរសុខទុក្ខក្រុមកីឡាករទូក (ង) ខាងលើ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាខេត្តកំពត។
ក្នុងជំនួប និងសួរសុខទុក្ខដល់ក្រុមកីឡាចំណុះទូក (ង) ខាងលើ លោកអភិបាលខេត្ត ម៉ៅ ធនិន បានថ្លែងថា ក្រោយពីប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ នៅទូទាំងផ្ទៃប្រទេសរួចមក ព្រឹត្តិការណ៍ធំៗរបស់ជាតិ ត្រូវបានប្រារព្ធធ្វើឡើងវិញ ដោយភាពអធិកអធម និងពោរពេញទៅដោយស្នាមញញឹម ព្រមទាំងភាពសប្បាយរីករាយ។ ជាក់ស្ដែង ពិធីបុណ្យអុំទូក គឺជាបុណ្យជាតិធំមួយ ក្នុងចំណោមបុណ្យជាតិធំៗរបស់កម្ពុជា ហើយក៏ជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរផងដែរ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ភាពអង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ក្នុងការធ្វើសិកសង្គ្រាម ដើម្បីកម្ចាត់សត្រូវដែលឈ្លានពានចេញពីទឹកដីខ្មែរ ហើយក៏ជាកេរតំណែលពីដូនតាមកផងដែរ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់កីឡាករទាំងអស់ ត្រូវខិតខំបញ្ចេញទេព្យកោសល្យ និងសមត្ថភាពក្នុងការអុំដណ្តើមយកជ័យជម្នៈ ដោយរក្សាឱ្យបាននូវក្រមសីលធម៌ ការអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរអន្តរជាតិ បានឃើញនូវចំណងមិត្តភាព សាមគ្គីភាព របស់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយក្រុមកីឡាប្រណាំងទូកនេះ ក៏ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានប្រាប់ទៅកាន់កីឡាករទូក និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានមកដល់សព្វថ្ងៃនេះ ដោយសម្តេចតេជោ ហ៊ុន សែន បាននាំយកមកដោយលំបាក និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសពិធីប្រណាំងទូក(ង) ក្នុងខេត្តកំពត នាពេលខាងមុខនេះ គឺមានទូកចូលរួមប្រកួត ចំនួន៣២ទូក ហើយដើម្បីលើកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ លោក ម៉ៅ ធនិន បានផ្តល់ជូនជាអំណោយ ដល់ចំណុះទូកទាំង៣២ ដោយ ១ទូកៗ ទទួលបាន៖ អង្ករ ១តោន, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, ស្រាបៀ ៥កេស, ត្រីខ ៥យួរ និងថវិកា ១លានរៀល។
គួររំលឹកថា ការប្រកួតប្រណាំងទូក(ង) គឺជាទំនៀមទំលាប់ប្រពៃណីរបស់ដូនតាខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់វីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ក្នុងការធ្វើសិកសង្គ្រាមកម្ចាត់សត្រូវចេញពីទឹកដីខ្មែរ។ ម្យ៉ាងទៀតការប្រកួតនេះទៀតសោត គឺដើម្បីបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ព្រមទាំងរក្សានូវកេរតំណែលទំនៀមទម្លាប់ពីដូនតាយើង៕