2023-11-13 08:56
388

កំពង់ស្ពឺ៖ ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ បានជួបជុំគ្នាផឹកស៊ីសប្បាយក្នុងចំការលំហែររបស់លោកឧត្តមសេនីយ៍ម្នាក់ នៅតំបន់ចំការតែ ខ្នងភ្នំឧទ្យានជាតិគិរីរម្យ រហូតដល់ស្រវឹងទាញ់កាំភ្លើងបាញ់បោះសេរីជាច្រើនគ្រាប់បង្កភាពភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ព្រលឹងចុងសក់។

ពាក់ព័ន្ធករណីក្រុមអ្នកមានអំណាច និងមានឥទ្ធិពលខាងលើ ត្រូវបានមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកភ្នំស្រួច អះអាងថា «អត់ដឹង និងមិនបានទទួលព័ត៌មានករណីនេះទេ» ខណៈមានសេចក្តីរាយការណ៍មកថា ក្រុមនេះបានបាញ់បោះសេរីចាប់តាំងពីយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែប្រហែលជាមិនអស់ចិត្តដល់ថ្ងៃទី១២ វិច្ឆិកា ផឹកស្រវឹរះបន្ថែមទៀត ដើម្បីបង្អួតឥទ្ធិពលរបស់ក្រុមខ្លួន ក្នុងរមណីដ្ឋាន «ព្រះកុសមៈគិរីរម្យ» គ្មានសមត្ថកិច្ចណាហ៊ានចុះមកបង្ក្រាបទេ ព្រោះជាដីចំការលំហែកាយរបស់លោកផ្កាយ៤។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងដែលក្រុមអ្នកមានឥទ្ធិបាញ់បោះសេរីមិនញញើតច្បាប់នោះ ស្ថិតចំណុចដីចំការនាយឧត្តមសេនីយ៍យោធាម្នាក់ នៃក្រសួងការពារជាតិក្នុងភូមិសាស្ត្រឧទ្យានជាតិ «កុសមៈគីរីរម្យ» ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះសេចក្តីរាយការណ៍ បន្ថែមទៀតថា ទីតាំងចំការអ្នកធំដែលកើតមានការផ្ទុះអាវុធ ស្ទើរតែជារៀងរាល់សប្តាហ៍មានមន្ត្រីមានតួនាទីធំៗ តែងការជួបជុំផឹកស៊ីចាក់បាស់ខ្លាំងៗ និងមានសំឡេងផ្ទុះគ្រាប់កាំភ្លើងជាញឹកញាប់ផងដែរ។ សម្រាប់ថ្ងៃនេះសំឡេងផ្ទុះឮខ្លាំងខុសធម្មតា និងឃើញសុទ្ធតែរថយន្តទំនើបៗជាច្រើន មានរថយន្ត ប្រភេទ OFF ROAD ផងដែរ។

មន្ត្រីមប្រើការងារក្នុងស្រុកភ្នំស្រួចម្នាក់ បានសរសេរបង្ហោះ ក្នុងគ្រុប Telegram  ព័ត៌មានរបស់ខេត្តកំពង់ស្ពឺថា «១២យប់ និងព្រឹកម៉ិញនេះ..មានការបាញ់បោះសេរី...ជាច្រើនគ្រាប់..នៅចំការតែគីរីរម្យ...ធ្វើអោយពលរដ្ឋទីនោះ.ភ័យខ្លាច..តាមប្រភពព័ត៌មានថាជាកូនចៅឯកឧត្តម........!»។ ពាក់ព័ន្ធមូលហេតុអ្វីដែលធ្វើក្រុមអ្នកឥទ្ធិពល មានអំណាចមិនគោរពច្បាប់ព្រហើនបាញ់បោះសេរី ប្រភពបានបញ្ជាក់ថា «គាត់សម្តែងរិទ្ធិ...»។

ពាក់ព័ន្ធករណីផ្ទុះអាវុធកក្រើកតំបន់ចំការតែខ្នងភ្នំឧទ្យានជាតិ «ព្រះកុសមៈគិរីរម្យ» នេះ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ែន សុខេម អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកភ្នំស្រួច បានប្រាប់ថា «លោកអត់បានទទួលព័ត៌មានហ្នឹងផង! និងអ្វីក៏អត់មានអ្នកប្តឹងផ្តល់ដែរ»៕