កំពង់ឆ្នាំង៖ មន្ត្រីយោធាថ្នាក់វរសេនីយ៍ម្នាក់ ដែលបម្រើការងារនៅកងអន្តរាគមន៍ លេខ៧០ បានជួបជុំគ្នាផឹកស៊ីសប្បាយ រហូតដល់ស្រវឹងកើតមានទំនាស់ពាក្យសម្តីដកកាំភ្លើងខ្លីបាញ់មេឃ ដើម្បីគំរាមបង្កឲ្យមានការភ្ញាក់អស់អ្នកភូមិ។
ក្រោយមានការផ្ទុះអាវុធអនាធិបតេយ្យបង្កដោយនាយទាហានជាន់ខ្ពស់រូបនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះអន្តរាគមន៍ និងស្រឆវជ្រាវឈានដល់ការឃាត់ខ្លួន ដើម្បីយកទៅសាកសួរតាមនិតិវិធី។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីបាញ់បោះសេរីខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៨និង០០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការណ៍ បានប្រាប់ឱ្យដឹងទៀតថា មន្ត្រីយោធាដែលផ្ទុះអាវុធមួយគ្រាប់ ក្នុងវង់ផឹកស៊ីត្រូវមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បម្រើការងារនៅកងអន្តរាគមន៍លេខ៧០ នៃកងយុទ្ធពលខេមរភូមិន្ទ។
មុនពេលកើតហេតុ មន្ត្រីយោធាបង្ករួមនឹងមិត្តភក្តិម្នាក់ទៀត បានមកលេងផ្ទះរបស់ឈ្មោះ ផូ កូលាប ភេទស្រី អាយុប៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ហើយបានរៀបចំកម្មពិធីផឹកស៊ីសប្បាយជុំគ្នា រហូតដល់ស្រវឹងរៀងៗខ្លួន ស្រាប់តែមានទំនាស់ពាក្យសម្ដីនឹងគ្នាឈានដល់ផ្ទុះអាវុធគំរាមតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើការសាកសួរ នៅបញ្ចាការដ្ឋានកងរាជវុធហត្ថខេត្តកំពង់ឆ្នាំង តាមនិតិវិធីច្បាប់៕