2023-11-13 12:21
652

ភ្នំពេញ៖     បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហា ជនពាក់ព័ន្ធករណីជនបរទេសថតបង្ហោះវីដេអូនៅប្រាសាទអង្គវត្ត នាំឱ្យប៉ះពាល់វប្បធម៌ អរីយធម៌ និងបេតិកភណ្ឌដ៏ល្អផូផង់របស់កម្ពុជានោះ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺថា «ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា»។ 

អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូននូវករណីនេះថា «កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់ អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមកភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថតអាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួនទាំងក្នុង និងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសម្លេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ»។

អាជ្ញាធរជាតិអស្សរា បានបញ្ជាក់ថា «ដោយសកម្មភាពជាវីដេអូឃ្លីបមានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរា បានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួន ដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរ នៃរមណីយដ្ឋានអង្គរបន្ថែមទៀត»។

អាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិ ទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃ នៃមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានការបង្ហោះចែកចាយនូវវីដេអូខ្លីមួយដែលថតដោយជនបរទេសមានបញ្ចូនសំឡេងជាភាសារថៃ ថា «អង្គវត្តជារបស់ថៃ» និងមានការធ្វើអត្ថាធិប្បាយជាភាសារបន្ថែមទៀត ដែលនាំឱ្យមានមហាជនរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការថតវីដេអូផ្សព្វផ្សាយដោយជនបរទេសនេះ មានចរឹកញុះញង់ និងធ្វើឱ្យមានការប៉ះពាល់ដល់វប្បធម៌ កេរ្តិ៍ដំណែលដូចតាខ្មែរ ព្រមទាំងប៉ះពាល់ដល់បិតិកភណ្ឌដ៏ផូផង់របស់់កម្ពុជាតែម្តង»៕