2023-11-13 12:30
457

កំពង់ស្ពឺ៖     តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ បើកការសា្រវជ្រាវលើករណីក្រុមជនសង្ស័យដ៏មានឥទ្ធិពល ជាកូនអ្នកជំថ្នាក់នាយកឧត្តមសេនីយ៍ នៅក្រសួងការពារជាតិ បាញ់បោះសេរីរាប់រយគ្រាប់ ប្រៀបដូចសមរភូមិប្រយុទ្ធមួយ នៅក្នុងដីចំការលំហែកាយ ម្តុំភូមិសាស្ត្រ ចំការតែ លើតំបន់អេកូទេសចរណ៍ ឧទ្យានជាតិ «ព្រះកុសមៈគិរីតម្យ» ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

តាមប្រភព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់ នៃតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ នៅថ្ងៃទី១៣ ខែឬវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ពាក់ព័ន្ធករណីផ្ទុះអាវុធដ៏កក្រើកលើខ្នងភ្នំគិរីរម្យនោះ តំណាងអយ្យការបានបញ្ជាទៅកងរាជអាវុធហត្ថស្រុកភ្នំស្រួច អាវុធហត្ថខេត្តកំពង់ស្ពឺ និងស្នងការនគរបាលខេត្ត ដើម្បីសហការគ្នាចុះស្រាវជ្រាវ និងមានចំណាត់តាមផ្លូវវិនិតិវិធី»។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះដឹកនាំដោយផ្ទាល់កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កងអាវុធហត្ថខេត្ត នគរបាលខេត្ត ព្រមទាំងអាជ្ញាធរចុះធ្វើការស្រាវជ្រាវដល់ទីកន្លែងដែលមានករណីផ្ទុះអាវុធ ដើម្បីស្វែងរកមុខសញ្ញាជនបង្កក្នុងការបាញ់បោះសេរី អនាធិបតេយ្យ មិនគោរពច្បាប់ ក្នុងតំបន់ទេសចរណ៍ ឧទ្យានជាតិ «ព្រះកុសម់គិរីរម្យ»។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទីតាំងដែលកើតមានករណីផ្ទុះអាវុធនេះ ជាកូនក្មួយរបស់អ្នកធំម្នាក់ថ្នាក់នាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ឱ្យតែថ្ងៃចុងសប្តាហ៍ពួកគាត់មកកំសាន្តនៅដីចំការលំហែរបស់គាត់ហើយត្រៀមទៅ គឺចាក់ធុងបាស់សំឡេងផឹកស៊ីស្រវឹងបាញ់បោះគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ព្រោះពួកគាត់សុទ្ធតែមនុស្សមានឥទ្ធិពលខ្លាំងក្នុងសង្គមមានឪពុកផ្កាយ៤ ទើបពួកគេមិនគោរពច្បាប់បែបនេះ និងគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។
ប្រភពពីពលរដ្ឋ បានបន្ថែមទៀតថា ករណីក្រុមកូនក្មួយអ្នកធំបាញ់បោះសេរីបង្កការភ័យក្លាច ក្នុងតំបន់ឧទ្យាជាតិ «ព្រះកុសមៈគិរីរម្យ» គឺបាញ់នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រាប់រសិបគ្រាប់កក្រើកព្រៃ និងភ្ញៀវទេសចរណ៍មកស្នាក់នៅទីនោះ ប៉ុន្តែប្រហែលជាមិនទាន់អស់ចិត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ក្រមដដែលនោះនាំគ្នាផឹកស៊ីបន្តដល់ស្រវឹងបានបាញ់រះ ដើម្បីបង្អួតឥទ្ធិពលរបស់ក្រុមខ្លួន ក្នុងរមណីដ្ឋាន «ព្រះកុសមៈគិរីរម្យ» ដូចក្នុងសមរភូមិ ឬសមយុទ្ធយោធាបាញ់គ្រាប់ពិត។

ប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ទីតាំងដែលក្រុមអ្នកមានឥទ្ធិបាញ់បោះសេរីមិនញញើតច្បាប់នោះ ស្ថិតចំណុច ផ្ទះក្រហម ជាដីចំការនាយឧត្តមសេនីយ៍យោធាម្នាក់ នៃក្រសួងការពារជាតិ ក្នុងភូមិសាស្ត្រ ម្តុំចំការតែ លើឧទ្យានជាតិ «កុសមៈគីរីរម្យ» ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ បន្ថែមទៀតថា ទីតាំងចំការអ្នកធំដែលកើតមានការផ្ទុះអាវុធស្ទើរតែជារៀងរាល់សប្តាហ៍ឱ្យតែពួកគាត់មកជួបជុំគ្នាផឹកស៊ី ហើយភាគច្រើនមន្ត្រីមានតួនាទីធំៗ ជិតសុទ្ធតែរថយន្តទំនើបៗ ប៉ុន្តែអត់ចរឹកជាងសត្វធាតុទៅទៀត បង្កភាពអសន្តិសុខក្នុងសង្គម បាញ់បោះសេរី មិនគោរពច្បាប់អាងខ្លួនមានលុយ មានអំណាច និងខ្សែអ្នកធំៗតែម្តង។

ក្រុមអ្នកទេសចរណ៍ ដែលទៅកំសាន្ត និងបោះតង់នៅតំបន់ទេសចរណ៍ ឧទ្យាជាតិគិរីរម្យ បានសរសេរថា «ស្មានតែនៅគីរីរម្យមានសង្រ្គាមតើ? គេបាញ់បោះសេរី ១យប់។ គិតថាចង់ស្ងប់ស្ងាត់ក៏ជិះម៉ូតូឡើងទៅគេងគីរីរម្យ បឹងចំការតែមានអីជិះបត់ចូលបន្តិចដល់ផ្ទះខាងស្តាំដៃបន្តិចក៏លឺសូរសំឡេងផ្ទុះ  ក្នុងចិត្តដំបូងស្មានតែគេអុចផាវ រឺកាំជ្រួច ទាល់តែពេលយប់បន្តិចក៏ជិះទៅរកទិញសាប៊ូក៏លឺសូរសំឡេងផ្ទុះម្តងទៀត  ដូររន្ទះ មិនអស់ចិត្តក៏សួរអ្នកភូមិ  គាត់ថា “ផ្ទះក្រហមជាអ្នកបាញ់” លេងនាំគ្នាឈរបាញ់បោះសេរីចឹងម៉ង  គ្មានទុកច្បាប់ក្នុងកែវភ្នែកបន្តិចសោះ»។

ក្រុមអ្នកទេសចរណ៍នោះ បានសរសេរបង្ហោះលើបណ្តាញសង្គមទៀតថា «អ្នកស្រុកប្រាប់ថា ផ្ទះនឹងឱ្យតែផឹកស៊ី  គឺបាញ់បោះសេរីរហូត ជួនកាលបាញ់ដល់ម៉ោង ២ ម៉ោង ៣ភ្លឺក៏មានដែរ  ហើយព្រឹកឡើងចាក់បាស់បាញ់ទៀត។ ពេលសួរគាត់ថា ម៉េចបានជាមិនប្តឹងប៉ូលីស? គាត់ថា  ប៉ូលិសប៉ុស្តិល្មមៗក៏មានហ៊ានជាមួយគេដែរ ព្រោះគេកូនចៅអ្នកធំ»។

មហាជនបានលើកឡើងថា «មិននឹកស្មានថា  នៅសង្គមខ្មែរ នៅមានមនុស្យបាតសង្គមប្រភេទនឹងសោះគេមកតំបន់កំសាន្តធម្មជាតិ  គេចង់ស្ងប់ស្ងាត់ជាមួយធម្មជាតិ តែពពួកមានលុយ មានអំណាច  ចរឹកថោក  មកព្រៃជប់លៀង ផឹកស៊ីបាញ់បោះ អនាធិបតេយ្យ  គ្មានកោតក្រែងអ្នកណាសោះ» មហាជនលើជាសំណួរថា តើអ្នកបាញ់បោះនឹងជាកូនចៅអស់លោកណា? សុំចិត្តឈប់ធ្វើទង្វើនឹងទៀតទៅ ព្រោះបង្កភាពអាណាធិបតេយ្យ នៅតំបន់ទេសចរណ៍, បាត់បង់អស់អ្នកទេសចរណ៍, បាត់ចំណូលប្រជាជនក្នុងតំបន់, គ្រាប់កាំភ្លើងអត់ភ្នែកទេ។ ដូចជាគ្មានខ្លាចចិត្តអ្នកភូមិតំបន់នោះ  ក៏ដូចជាអ្នក ទេសចរណ៍ រឺអ្នកចូលចិត្តជិះម៉ូតូបោះតង់អីទេ លោកព្រះ!»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវកន្លែងកើតហេតុរកឃើញសំបកគ្រាប់អាវុធខ្លី និងវែងប្រមាណជិត ២០០គ្រាប់ និងកំពុងបន្តនិតិវិធី៕