2023-11-13 17:40
426

ក្រុមប្រឹក្សាខេត្ត​ និងគណៈអភិបាលខេត្ត  មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ទូទាំងខេត្តកែប សប្បុរសជន រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្ដម​ សំ​ សារីន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ព្រមទាំងលោកជំទាវ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោកជំទាវ​ ស​ ម៉ាលីដា​ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធធ្វើអង្គកឋិនទានសាមគ្គីមួយដង្ហែរឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស​ ក្នុងព័ទ្ធសីមា​ មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប​ សង្កាត់កែប​ ក្រុងកែប ដើម្បី ប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌល​ និងវត្តបន្ត។

 អង្គកឋិនទាន បានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីដើមរៀងមក ដោយពេលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការជួបជុំមន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ដេីម្បីធ្វើបទនមស្ការព្រះរតនត្រ័យ  សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណសាលាខេត្តកែប។

 លុះព្រឹកឡើង ថ្ងៃអាទិត្យ  ១៤រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី១២  ខែវិឆ្ឆិកា ឆ្នាំ២០២៣ ដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់មជ្ឈមណ្ឌលវិបស្សនា​ធុរៈ​ខេត្តកែប​ ហៅវត្តសមាធិ​  ដោយដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ និងវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហេីយបុណ្យ។

 ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានពាំនាំនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ​ ដល់អង្គពិធីដោយក្តីនឹករលឹក និងការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យទាំង​ ពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកច្រើនគួរឲ្យកត់សម្គាល់ ផងដែរ។

 ជាមយគ្នានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ឯកឧត្តម​ លោកជំទាវ អ្នកឧកញ៉ា​ លោកឧកញ៉ា​ អស់លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីបានបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង ។

 ឯកឧត្តម បន្ថែមថា មានតែសុខ សន្តិភាពទេ ដែលធ្វើអោយយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិយើងទៅរកភាពរីកចំរើនបាន។

 ឯកឧត្តមអភិបាលខេត្តកែប បានសំណូមពរ ប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទ ទាំងអស់ សូមប្រកាន់យកនូវអំពើល្អ តាមលំអាន ដែលព្រះពុទ្ធ ព្រះបរមគ្រូនៃយើងបានប្រៀនប្រដៅទុកមក និងសូមចូលរួម អប់រំកូនចៅ ឲ្យបានក្លាយជាមនុស្សល្អ មានប្រយោជន៍ដល់សង្គមជាតិ ជាទំពាងស្នងឬស្សីក្នុងការបន្តវេន  កសាងភូមិ ឃុំ  របស់យើងឲ្យបានរីកចម្រើន និងត្រូវចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ថ្នាក់ អនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមចំណែកថែរក្សាសន្តិភាព ការពារភាពសុខសាន្ត និងអ្វីៗដែលយើងមានសព្វថ្ងៃ ឲ្យបានស្ថិតស្ថេរ គង់វង្ស កុំឲ្យបាត់បង់ទៅវិញ ។

 ឯកឧត្តមបញ្ជាក់ថា បច្ច័យប្រមូលបានពីអង្គកឋិនទានសាមគ្គីនាពេលនេះ មានចំនួនជាង ១៨០,០០០,០០០រៀល ដោយប្រគេនកសាងវត្តចំនួន១៧​ ទូទាំងខេត្ត ដោយក្នុងមួយវត្ត ប្រគេនបច្ច័យ ៥លានរៀល ចំនួន១៥វត្ត​ ចំពោះវត្តសមុទ្ររង្សី​ ប្រគេនបច្ច័យ​ ៤០លានរៀល​ និងវត្តសមាធិ​ ចំនួន៧០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាមផងដែរ។

(សឹង រ៉ាត់)