2023-11-13 17:45
489

ខេត្តកំពង់ធំ៖ បន្ទាប់ពីបែកធ្លាយសារសំលេងឆ្លងឆ្លើយគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានដែលរៀបរាប់ពីផែនការរៀបចំកញ្ចប់ថវិកាដើម្បីបិទបាំងបទល្មើសនេសាទ នៅតំបន់ទន្លេសាបក្នុងឃុំពាមបាងស្រុកស្ទោង កាលពេលថ្មីនេះគេនៅមិនទាន់ឃើញមានចំណាត់ការ ក្ដៅស៉ើបអង្កេតស្រាវជ្រាវ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅឡើយទេ ប៉ុន្តែមានការកត់សម្គាល់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកំលាំងចុះបង្ក្រាបបទល្មើសនៅចំណុចដែលមានពាក្យចរចាមអារាមនោះហើយ។

 ការបន្តដឹកនាំបង្ក្រាបបទល្មើសនេសាទធម្មតាៗនេះត្រូវបានគេរាយការណ៍មកថា ធ្វើឡើងនៅក្នុងភូមិឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។

 ប្រភពព័ត៌មានបន្តដឹងថា ការចុះបង្ក្រាបបទល្មើសនេះគឺអនុវត្តចុះបង្រ្កាបទប់ស្កាត់បទល្មើសនេសាទធម្មតាទេ គឺមិនមែនចុះស្រាវជ្រាវស៊ើបអង្កេតករណីរៀបចំកញ្ចប់ថវិកាជាប្រព័ន្ធនោះឡើយ ។ ហើយការបង្ក្រាបនេះ គឺធ្វើ ឡើងលើផ្ទៃបឹងទន្លេសាបមាន០២ទីតាំង÷ ទីតាំងទី១. នៅចំណុចគុមឬស្សី,បឹងផ្តៅ,ភ្នំជីមូសនិងព្រែកផ្នល់ ស្ថិត ក្នុងភូមិសាស្រ្តឃុំសំព្រោជ ឃុំចំណាក្រោម និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោងនិងទីតាំងទី២.នៅចំណុចអូរញឹង(តាមដងស្ទឹងសែន)ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 តាមប្រភពពីមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឲ្យដឹងថាលទ្ធផលអនុវត្តបាន០៤ករណី÷គឺចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៨របាំង ប្រវែង៣៥០០ម៉ែត្រ, របាំងស្បៃមុងចំនួន៦របាំងប្រវែង៦៥០ម៉ែត្រ,ឡុកចំនួន ៣៧គ្រឿង,លូចំនួន៤៤មាត់,បង្គោលចំនួន៧៨០០ ដើមចាក់លែងត្រីចំនួន២៣០គីឡូក្រាមនិងបានដកហូតឃាត់ទុកវត្ថុតាង នេសាទដោយប្រើឧបករណ៍ឆក់ចំពោះវត្ថុតាងរួមមាន ដុំភ្លើងឆក់២គ្រឿង,អាគុយ២គ្រឿង,ដងឆក់២គូរ,កន្រ្តងដួសត្រី៤,ត្រីចំរុះទំងន់១៥គីឡូក្រាម។ទូកបាឡាស្មាច់ប្រវែង០៥ម៉ែត្រ  ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហុីណូតាចំនួន០១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់ទុកនៅតែឧបករណ៍ជាច្រើនផងដែរ។ 

 ដោយឡែកប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា បទល្មើសនេសាទកើតពេញបន្ទុកក្ដៅដូចបាយពុះ បង្ក្រាប យ៉ាងណាក៏មិនអស់ដែរ ព្រោះសមត្ថកិច្ចបង្ក្រាបខាងមុខ ចេញខាងក្រោយ ហើយមុនចុះបង្គ្រាបគឺមេ ខ្យល់គេទូរស័ព្ទប្រាប់មុន អញ្ចឹងហើយទើបសមត្ថកិច្ច ចាប់ឃាត់បានតែអាតូចៗ  ដោយឡែកធំៗ គឺមេខ្យល់គេបានប្រមូលចងក្រងរៀបចំជាកញ្ចប់រួចហើយ ។

 ជុំវិញករណីបែកធ្លាយព័ត៌មានស្ដីពីការរៀបចំជាកញ្ចប់នេះ រដ្ឋបាលខេត្តនិងអង្គភាពជំនាញហាក់ ដូចជាស្ងប់ ស្ងាត់ជិតឈឹងបាំងបិតជាមួយសង្គមពត៌មាន បានល្អណាស់ ប៉ុន្តែមហាជនរងចាំតាមមើលភាគបន្ត បន្ទាប់និងចំណាត់ការរបស់ស្ថាប័ន មន្ទីរ ជំនាញ់ពាក់ព័ន្ធ ៕