2023-11-14 09:25
472

នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលងាយរងហានិភ័យ ដែលមានលោកពុកឈ្មោះចក់ អ៊ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ មានកំពុងជំងឺសតិអារម្មណ៍ មានកូន៣នាក់ក្មួយស្រីជាកូនទី២ក្នុងចំណោមបងប្អូនទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ  ខេត្តបត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បាន នាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សា ទោះបីជាយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សា និងសុខភាពត្រូវដើរទន្ទឹមគ្នា និងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗ ទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារខាងលើ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀតរួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាព មានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈសិក្សាកង់ និងថវិកាមួយចំនួនផងដែរ ។