កោះកុង៖ កម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករខេត្តកោះកុង សហការជាមួយកងរាជអាវុធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឃាត់ចាប់រថយន្ត ម៉ាក NISSAN NAVARA ពាក់ស្លាកលេខថៃ ដែលសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន ០៣គ្រឿង ត្រង់ចំណុចផ្សេងៗគ្នា។
ការចុះបង្ក្រាបរថយន្តគ្មានពន្ធនាំចូលនោះ រួមមាន៖ ទី១- រថយន្ត ម៉ាក NISSAN NAVARA ពណ៌ប្រផេះ ឆ្នាំផលិត២០១៤ ចង្កូតស្តាំ ប្រភេទមួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) នៅពេលកំពុងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី២- រថយន្ត ម៉ាក NISSAN NAVARA ពណ៌ប្រផេះ ឆ្នាំផលិត២០១៧ ចង្កូតស្តាំ មួយបាំងកន្លះ ពាក់ស្លាកលេខថៃ (Thai Land) កំពុងធ្វើចរាចរណ៍ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងទី៣- រថយន្ត ម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៩ ចង្កូតស្តាំ ប្រភេទមួយបាំង គ្មានស្លាកលេខ នៅពេលកំពុងធ្វើចរាចរណ៍នៅចំណុចភូមិបាំងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្ន រថយន្តសង្ស័យទាំង ០៣គ្រឿង ត្រូវបានកម្លាំងគយនាំមករក្សាទុកនៅស្នាក់ការសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីបន្តនីតិវិធីច្បាប់៕