កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ បុណ្យអុំទូកថ្នាក់ខេត្ត និងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅតាមដងស្ទឹងព្រែកត្នោត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរង កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង៩យ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរ ក៏មានតាំងពិរព័រណ៌ ស្រុកមួយ ផលិតផលមួយ និងសមិទ្ធផលនានា នៅក្នងខេត្តកំពង់ស្ពឺ ហើយនៅរៀងរាល់រាត្រី ក៏មានការអុជកាំជ្រួច ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនច្បារខេត្ត។
ចំណុចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវទទួលខុសត្រូវក្នុងពិធី ប្រណាំងទូកផ្កាចា ទូកខ្នាតអន្តរជាតិ ក៏មានទូកត្នោត និងទូកខ្ទះ ដើម្បីចូលរួមឲ្យមានសភាពសប្បាយរីករាយ។
ក្នុងនោះរដ្ឋបាលខេត្តបានឲ្យមន្ទីរព័ត៌មាន÷
សូមលោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត សហការជាមួយនឹង ជំនាញពាក់ព័ន្ធ ចាត់តាំងវិទ្យុបណ្តាញ ទូរទស្សន៍ជាតិ និងឯកជនចុះធ្វើសកម្មភាពផ្តិតយករូបភាព និងថតវីដេអូ នូវរាល់សកម្មភាពប្រកួតជាក់ស្តែង ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសរៀបចំ ឱ្យមានឃោសនស័ព្ទបំពងសម្លេងផ្សាយផ្ទាល់ឱ្យបានទូលំទូលាយ ចាប់ពីវេទិកាអុំទូក រហូតដល់សួន ច្បារខាងមុខសាលាខេត្ត (វិមានលោកតារាជ)។
ចំពោះការងារសោភ័ណ្ឌភាពទូក ៖ សូម លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ជំនាញពាក់ព័ន្ធ រៀបចំវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ផ្តល់រង្វាន់ជ័យលាភីផ្នែកខាងសោភ័ណ្ឌភាពរបស់ ទូក និងឯកសណ្ឋានរបស់កីឡាករ កីឡាការិនី ព្រមទាំងពិធីកាត់ព្រ័ត្រ ជាពិសេសរៀបចំការសម្ដែង សិល្បៈ ផ្ទាំងទស្សនីយភាព តាមទីតាំងជាក់ស្ដែងដែលបានកំណត់។
ចំពោះការងារអនាម័យបរិស្ថាន៖ សូម លោក ប្រធានមន្ទីរបរិស្ថានខេត្ត សហការជាមួយជំនាញពាក់ ព័ន្ធក្នុងការគ្រប់គ្រង អនាម័យ បរិស្ថាន កន្លែងកម្សាន្តនានា ដែលមានសំរាម ក៏ដូចជាកាកសំណល់ ផ្សេងៗ គ្រប់គ្រងឱ្យបានហ្មតចត់។
ចំពោះការងារបច្ចេកទេស ៖ សូមលោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោក ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយជំនាញពាក់ព័ន្ធរៀបចំគូសសញ្ញាសម្គាល់ផ្លូវ ទឹកខាងក្រោមស្ពាន និងតាមកងព័ន្ធ ព្រមទាំងរៀបចំឱ្យមានអ្នកទូងស្គរជ័យ នៅទីព្រ័ត្រ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត៖ ត្រូវសហការជាមួយជំនាញពាក់ព័ន្ធ រៀបចំផ្គូរផ្គងការប្រកួតប្រជែង ស្របតាមលក្ខណៈបច្ចេកទេស បូកសរុបលទ្ធផល ផ្ដល់ពិន្ទុប្រកបដោយភាពសុក្រឹត្យ ដោយគិតពី កម្រិតល្បឿន សោភ័ណ្ឌភាព ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ធ្វើមូលដ្ឋានកំណត់ទិសដៅ លេខរៀង ទូក ពេលវេលាចេញដំណើរ នៃការប្រណាំងទូក។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៖ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម សម្រួលចរាចរណ៍ បង្កលក្ខណៈ និងធានាសុវត្ថិភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុង បរិវេណប្រារព្ធពិធី។
សូមបញ្ជាក់ផងដែរថា៖ទូកដែលត្រូវប្រកួតនាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សរុបមានចំនួន៥២ទូក
-ទូកអន្តរជាតិ ចំនួន៦ទូក និងទូកកិត្តិយស ចំនួន២ទូក
-ទូកផ្កាចារ ចំនួន៣២ទូក ក្នុងនោះទូកនារី ចំនួន១ទូក
-ទូកត្នោត ចំនួន៦ទូក
-និងទូកខ្ទះ ចំនួន៨ទូក នារី៤ទូក កីឡាករ កីឡាការិនីសរុបចំនួន៦០១នាក់ ស្រី១៨នាក់៕