កំពង់ស្ពឺ៖ ដោយសារតែនារីជាសង្សាចេះតែបង្ខំឱ្យចូលស្តីដណ្តឹងឆាប់ៗ ធ្វើឱ្យយុវជនម្នាក់ ក្លាយជាឃាតកររៀបចំគម្រោងសម្លាប់មិត្តភក្តិជិតស្និត ដើម្បីយកម៉ូតូ ០១គ្រឿង ទៅលក់យកលុយទៅចូលដណ្តឹងនាង ដើម្បីត្រៀមឈានចូលរោងការផងនោះ ប៉ុន្តែគេចមិនរួចត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានការដឹកនាំអង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងនរនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងនគរបាលនគរបាលខេត្តកំពង់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះជាមិត្តភក្តិ ដើម្បីប្លន់យកម៉ូតូ ០១គ្រឿង យកទៅលក់យកលុយចូលដណ្តឹងប្រពន្ធ។
តាមរបាយការណ៍ របស់ប៉ូលិស បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៤០នាទី មានប្រជពលរដ្ឋបានប្រទះឃើញសាកសពដេកថ្កាប់មុខស្លាប់ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាស៊ីនកិនស្រូវ អប្សរា រ៉ាយ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
សពជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានលំនៅ ភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។
តាមការពិនិត្យលើសពរបស់មន្ត្រីនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ជនរងគ្រោះមានស្លាកស្នាម អា.កពីមុខជិតដាច់ ស្មាមចាក់គល់ក 0១កាំបិត ចាក់ឆ្អឹងជំនីរធ្វេង ០៥កាំបិត កំភួនដៃឆ្វេង ១កាំបិត ខ្នងដៃឆ្វេង ០១កាំបិត និងបន្សល់កន្លែងកើតហេតុនូវកាំបិតចុងស្រួច ដងជ័រ ពណ៌ខ្មៅមួយផងដែរ។
ការបំភ្លឺពីម្តាយជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា សពកូនរបស់គាត់បានបាត់ ម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AR-4651 ។
ក្រោយពីការពិនិត្យជុំវិញកន្លែងកើតហេតុ និងការបំភ្លឺរបស់ម្តាយសព សមត្ថកិច្ចបានសន្និដ្ឋានថា «ជាករណីឃាតកម្មគិតទុកជាមុន» (សម្លាប់យកម៉ូតូ) ជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នា។ ក្រោយពីកំណត់បានមុខសជនសង្ស័យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាបដល់ភ្នំពេញ ប៉ុន្តែជនសង្ស័យបានជិះរថយន្តឈ្នួលគោលបំណងគេចពីភ្នំពេញទៅខេត្តពោធិសាត់វិញ មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ សមមត្ថកិច្ចសហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។
ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានចាក់និងអា.កសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធនៅខេត្តតាកែវ»។ រីឯម៉ូតូជនរងគ្រោះយកទៅលក់នៅភ្នំពេញតែអត់មានអ្នកទិញទុកចោលនៅផ្សារនាគមាស ហើយសមត្ថកិច្ចជំនាញបានបន្តស្រាវជ្រាវរកឃើញម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅស៊ីគ្រឿងផ្លុងទុកចោលនៅផ្សារនាមមាសតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕