ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះ ខេង ឃាង ស្ថិតនៅក្នុងភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល យុវជនជាជាងជួសជុលរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះបំពង់ហ្គាស ខណៈដែលកំពុងជួសជុលរថយន្ត ។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ កុក ហួ និង ឈ្មោះ ខេង ឃាងបានឱ្យដឹងថា កន្លងមកជនរងគ្រោះ គឺជាក្មួយនិងជាកូនជាងជួសជុលរថយន្តរបស់ឈ្មោះ ខេង ឃាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់កន្លែងកើតហេតុ។ លុះនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបាននិងកំពុងផ្សារដែករថយន្តនៅក្នុងយានដ្ឋានខណ:នោះក៏បានផ្ទុះបំពង់ហ្គាសសម្រាប់ផ្សារដែកដែលនៅជិតខ្លួន បណ្តាលអោយរងរបួសធ្ងន់។ក្រោយពេលកើតហេតុជនរងគ្រោះក៏ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ៕