2023-11-16 12:31
485

ភ្នំពេញ ៖     រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក HONG QI បើកក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខូចខាតរថយន្តមួយកំណាត់មុខ និងបណ្តាលឱ្យអ្នកបេីកបរព្រមទាំងអ្នករួមដំណេីរសរុប៤នាក់រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកHONG QI មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា Z-Y-L128 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឱ្យរបាំងថ្មខូចខាតតិចតួច រីឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ក្នុងនោះគេឃេីញមានអ្នកបើកបរនិងអ្នករួមដំណើរសរុប៤នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ 

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានចុះមកដល់និងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកពិនិត្យ និងធ្វេីការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយតាមក្រោយ ៕