ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី ១៥ វិច្ឆិកា នៅចំណុចភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល តែជនដៃដល់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរកូនប្រុសអកត្តញូម្នាក់ គ្រាន់តែម្ដាយធ្វើឱ្យបាត់ក្រវិលមួយគូខឹងរហូតតាមរករឿងវាយដំម្ដាយបង្កើត តែនៅពេលបងប្រុសព្យាយាមចូលជួយម្ដាយ ក៏ត្រូវជននេះវាយក្បាលបងប្រុសមួយញញូរពេញទំហឹងបណ្ដាលឲ្យបែកឈាមដួលសន្លប់ស្ដូក ។
តាមរយៈរបាយការណ៍អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា ជនដៃដល់ឈ្មោះផុន សុភ័ណ អាយុ៣១ឆ្នាំ រស់នៅចំណុចកើតហេតុ ។ រីឯជនរងគ្រោះឈ្មោះ ផុន ឆែម អាយុ៤៥ឆ្នាំ (បងប្រុសជនដៃដល់) ។ លោក សេង លុច បានប្រាប់ថា ជនដៃដល់រូបនេះបានប្រើប្រាស់ញញួរវាយទៅលើក្បាលបងប្រុសខ្លួន បណ្ដាលឲ្យបែកឈាមរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលជនរងគ្រោះចូលរារាំងមិនឲ្យប្អូនប្រុសរូបនេះតាមរករឿងម្ដាយ ដែលធ្វើបាត់ក្រវិលខ្លួន (ជនដៃដល់) មួយគូ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងជនសង្ស័យឈ្មោះ ផុន សុភ័ណ បានព្យាយាមរករឿងម្ដាយបង្កើតយ៉ាងកំរោល រហូតចង់វាយដំម្ដាយទៀតផង។ មូលហេតុ ដែលជននេះតាមរករឿងម្ដាយ ដោយសារជននេះចោទម្ដាយថា បានធ្វើបាត់ក្រវិលរបស់ខ្លួន។ ប្រភពបានបន្តថា ពេលឃើញសកម្មភាពប្អូនប្រុសបង្កជម្លោះជាមួយម្ដាយដូចមនុស្សបែកថ្នាំបែបនេះ ឈ្មោះ ផុន ឆែម ដែលជាបងរបស់ជនដៃដល់ ក៏បានស្ទុះទៅរារាំងជួយឃាត់ រហូតមានការប៉ះទង្គិចសំដីគ្នាមួយប្រាវ តែមិនត្រូវបានប្អូនប្រុសតិរច្ឆាននេះយកត្រចៀកស្ដាប់ទេ។
ផ្ទុយទៅវិញ រឹតតែធ្វើឲ្យជនដៃដល់រូបនេះខឹងខ្លាំងរហូតទាញញួរវាយក្បាលបងប្រុសមួយញញួរពេញទំហឹងបណ្ដាលឲ្យបែកឈាមរបួសសន្លប់ស្ដូក ហើយក៏ត្រូវសមត្ថកិច្ចក្របួចជននេះភ្លាមៗដែរ។ លោក សេង លុច បានបញ្ជាក់ថា បើតាមប្រវត្តិដែលមន្ត្រីជំនាញ បានស្រាវជ្រាវជនសង្ស័យម្នាក់នេះធ្លាប់ប្រើប្រាស់ថ្នាំញៀន តែពេលត្រូវឃាត់ខ្លួន មន្ត្រីជំនាញធ្វើតេស្ដទឹកនោម គេរកមិនឃើញមានសារធាតុញៀនទេ។
ប៉ុន្តែយ៉ាងណា ពេលនេះមន្ត្រីជំនាញរបស់លោកកំពុងសួរនាំជនសង្ស័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការខេត្ត ចាត់ការតាមនីតិវិធីហើយ៕