2023-11-16 17:22
495

ភ្នំពេញ៖     លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធររាជធានី ស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយសំរួលនឹងពន្លឿនសេវាសាធារណៈជួនពលរដ្ឋបានលឿន ។ លោកស្រី បានបញ្ជាក់បែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌ៧មករា បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៏៤កើត ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ 

បន្ទាប់ពីបានស្តាប់នូវសំណើ នឹង សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើក ឡើង ក្នុងវេទិកាផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌ៧មករា ។
  លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកានេះធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរ សំណើ នឹង សំណូមពរទាំងផ្ទាល់មាត់ នឹងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។

  លោកប្រធានក្រុមប្រឹក្សាបានបន្តថា វេទិកានេះបានផ្ដោតលើប្រធានបទចំនួន ៤រួមមាន៖ ទី១កាងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ) ទី៣ ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម) និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានលឿន ។

 លោកស្រី កែវ សុខពិសី បានបញ្ជាក់ថា វេទិកាខាងលើនេះ មានសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្សចំនួន១៣ ច្បាប់ ដោយក្នុងនោះ ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធជំនាញ សាធារណការ រួមមាន ៖ ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ នៅសង្កាត់អូឬស្សីទី២, ការបំភ្លឺភ្លើងតាមផ្លូវ នឹង បញ្ហាដើមឈើបាក់រលំ លើយានយន្ត នឹងការស្ថាបនា លូជាដើម ។

 លោកស្រី កែវ សុខពិសី  ក៏បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាពនិងបរិស្ថានល្អផងដែរ ។ 

 លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានឆ្លើយតបថា ការកាប់ឫលះមែកឈើដួល ឬធ្លាក់សង្កត់មកលើទ្រព្យសម្បត្តិ ឬយានយន្តរបស់ពលរដ្ឋ ខាងមន្ទីរជាអ្នក ទទួលខុសត្រូវ ប៉ុន្តែបើខ្យល់ព្យុះ ឬគ្រោះធម្មជាតិផ្សេងៗ បណ្តាលឲ្យដើមឈើរលំ សង្កត់លើយានយន្តនោះ ជាប្រធានស័ក្ត មិនមែនជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការនោះទេ៕