ភ្នំពេញ៖ ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតអត់លុយទិញថ្នាំញៀន ដើម្បីប្រើប្រាស់ចេញធ្វើសកម្មឿភាពឆក់ទូរសព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកជាថ្មី។
ប៉េអឹមរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ម៉ោង ០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរសព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួន។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ និងទើបចេញកាលពីពេលថ្មីៗនេះ មិនកែខ្លួនបែរចេញប្រព្រឹត្តបទល្មើសបន្តទៀត ត្រូវបានអាវុធហត្ថចាបយខ្លួនកសាងសំណុំរឿងទៅតុលាការ ដើម្បីដាក់គុសារជាថ្មីតែម្តង។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា៖ ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០២ឆ្នាំ ពីបទ៖ លួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕