2023-11-17 09:46
524

កំពង់ស្ពឺ៖ ទីបំផុត! តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើមន្ត្រីនគរបាល ចំនួន ០៥នាក់ ពាក់ព័ន្ធក្នុងករណីបាញ់បោះសេរី នៅតំបន់ចំការតែ លើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបក្ខពួកជាច្រើននាក់ទៀត ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិ មាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់»។
    នេះបើយោងតាមសេចក្តីថ្លែងការណ៍អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានផ្សព្វផ្សាយ នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដែលបណ្តាញសារព័ត៌មាន MSJ TV NEWS ទទួលបាន។
   អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឲ្យថា៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ ២០នាក់ ជួបជុំ ផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធនៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ ការផ្ទុះអាវុធបន្តរហូតដល់ម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែង កើតហេតុខាងលើ។
   ក្រោយពីបានទទួលនូវព័ត៌មានខាងលើតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកព្រះរាជអាជ្ញា ស៊ិន វិរៈ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវពិនិត្យរកឃើញថា «ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិឆៃ បាននាំមិត្តភក្ររបស់ខ្លួនមកធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់»។ 
   តាមសេចក្តីថ្លែងការណ៍បានបន្ថែមថា កន្លែងកើតហេតុបានបន្សល់នូវវត្ថុតាងជាសំបកគ្រាប់បាញ់រួច មានចំនួន ២០៣គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន ១១២សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន ៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន ៥៥សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំងបានធ្វើកំណត់ហេតុបិទទីតាំងខាងលើជាបណ្តោះអាសន្ន។ អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន ០៤រូប រួមមាន៖ ១- ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ, ២- ឈ្មោះ ចិន ភារម្យ ភេទប្រុស អាយុ ៤០ឆ្នាំ, ៣- ឈ្មោះ ចិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង៤- ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ឆ្នាំ បានចូលមក សារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។

  នគរបាលយុត្តិធម៌ ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ខិតខំប្រឹងប្រែង ស្រាវជ្រាវដោយយកចិត្តទុកដាក់កសាងជាសំណុំរឿងបញ្ចូនជនពាក់ព័ន្ធខាងលើ មកអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

   ដោយមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន៖ ១- ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ, ២- ឈ្មោះ ប៊ីន ភារម្យ ភេទប្រុស អាយុ ៤០ឆ្នាំ, ៣- ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ ៣៤ឆ្នាំ, ៤- ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ឆ្នាំ និង ៥- ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ព្រមទាំងបក្ខពួក ពីបទ៖ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិ មាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់។ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ នឹងបន្តឃ្លាំមើល តាមដានដោយយកចិត្តទុកទៅលើបក្ខពួកទាំងឡាយ ដែលកំពុងគេចខ្លួនមិនឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ។

   សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា «មន្ត្រី ចំនួន ០៤រូប ពាក់ពាន់ការបាញ់បោះសេរី នៅលើភ្នំគិរីរម្យ ត្រូវបានបណ្តេញពីក្របខណ្ឌទុកជាគំរូ និងសុំឱ្យវិធានការនេះបន្តធ្វើដូចភ្លៀងរលឹម ត្រូវបោសសម្អាតបន្តិចម្តងៗ ដើម្បីឈានទៅដល់ម្ចាស់ការធ្វើយ៉ាងណាថែរក្សា គ្រប់គ្រប់ស្ថានការណ៍ប្រឆាំងនូវអំពើទាំងអស់នេះ»។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃមុននេះ មានករណីបាញ់បោះលើភ្នំគិរីរម្យ ស្រាវជ្រាវរកឃើញបម្រើការងារនៅក្នុងជួរកងកម្លាំងសមត្ថកិច្ច ដូច្នេះត្រូវវះកាត់ និងមានវិធានតឹងរឹងត្រូវបណ្តេញចេញពីក្របខណ្ឌ និងអនុវត្តតាមផ្លូវច្បាប់»៕