2023-11-17 09:47
522

បាត់ដំបង៖ អំពើឃាតកម្មមួយដែលផ្តើមឡើងដោយរឿងស្នេហាត្រីកោណ ធ្វើឲ្យភ្លើងប្រច័ណ្ឌឡើងកំដៅ ១ ០០០អង្សារ អត់ទ្រាំលេងបានបុរសម្នាក់ បានបបូលមិត្តភក្តិ ០២នាក់ទៀត ធ្វើសកម្មភាពចាំស្ទាក់កាប់បុរសម្នាក់ទៀតបណ្តាលឲ្យស្លាប់ ព្រោះតែរឿងគំនុំហ៊ានលួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ខ្លួន រួចក៏នាំគ្នារត់គេចខ្លួនបាត់។
   នគរបាលបានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យ និងកន្លែងស្នាក់អាស្រ័យទើបនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ចំនូន ០៣នាក់តែម្តង។
   ចំពោះជនសង័្សយ ចំនួន ០៣នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន នៅមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះរួមមាន៖ 
ទី១- ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់)។ 
ទី២- ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក)។ 
ទី៣- ឈ្មោះ វី ខេត់ ហៅ វ៉ា ភេទប្រុ ស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក)។ 
   ក្នុងន្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាង កាំបិតខ្វែវ ០១ដេីម និងម៉ូតូ ០១គ្រឿង ម៉ាក ហុងដា Click ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ស្លាកលេខ បាត់ដំបង 1AS-1691ជាមធ្យោបាយជិះធ្វេីសកម្មភាព។ 
   ប្រភពបានឲ្យដឹងថា ការបំបែកសំណុំរឿងអំពើឃាតកម្មនេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
   សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៩នាទី នៅចំណុច ក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន យកកាំបិតខ្វែវកាប់លើជនរងគ្រោះឈ្មោះ ធឿម ចំរេីន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី បណ្តាលឲ្យស្លាប់ភ្លាមៗ ដែលបង្កដោយជនសង័្សយមួយក្រុមមានគ្នា២ទៅ៣នាក់ និងបានរត់គេចខ្លួនបន្ទាប់ធ្វើសកម្មភាពបានសម្រេច។
   ជនសង្ស័យទាំង ០៣នាក់ បានឆ្លេីយសារភាពថា «ពួកគេពិតជាបានធ្វេីសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរេីន ប្រាកដមែន គឺ ឈ្មោះ យឿម ម៉ែន បានធ្វេីសកម្មភាពដោយផ្ទាល់យកកាំបិតខ្វែវស្ទាក់កាប់ទៅលេីជនរងគ្រោះដោយសារមូលហេតុមកពីជនរងគ្រោះលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់ខាងលេី»។ 
បច្ចុប្បន្នករណីនេះ នគរបាលស្រុកកំពុងកសាងសុំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕