2023-11-17 09:49
578

ភ្នំពេញ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ៨២៨ ដែលបានបញ្ចប់បេសកកម្ម រក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងបានធ្វើមាតុភូមិនិវត្តន៍មកន្រទេសកំណើតវិញដោយសុខសុវត្ថិភាព។ 
   កងកម្លាំងរក្សាសន្តិភាពកម្ពុជា បានមកដល់កម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការទទួលយ៉ាងកក់ក្តៅពីសំណាក់នាយឧត្តម សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូផងដែរ។ 
   កម្លាំងរក្សាសន្តិភាពកម្ពុជា ដែលមកដល់មាតុភូមិនាពេលនេះ មានចំនួន សរុប ៩០នាក់ ក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ៧២៩ ដែលបានបំពេញបេសកកម្ម នៅតំបន់គីដាល់ និង ២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ៨២៨ ដែលបានបំពេញបេសកកម្ម នៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។ 
   នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកប្រធានគណៈកម្មាធិការជាតិ រួមទាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។ 
   នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។  នាយឧត្តមសេនីយ៍ បានបន្ថែមថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះអ្នកក៏ជានិមិត្តរូប នៃភាពក្លាហានក្នុងការចូលរួមចំណែកបំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។ 
   ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលបណ្តោះអាសន្ន ដ្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។ 
  គួរបញ្ជាក់ផងដែរថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខបានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ 
   ជាចុងក្រោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំង និងបានថ្លែងអំណរដល់សាច់ញាតិបងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលដំណើរមាតុភូមិនិវត្តន៍នាពេលនេះ៕