ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចស្តុបអូរតែល.ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបានរេចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-9142 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតមួយកង់ ចំណែកឯរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុរួចបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕