ខេត្តកណ្ដាល៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បើយោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹង ថា៖ មន្រ្តីជំនាញ ក.ប.ប. និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បានបង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់។
ជាក់ស្ដែងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច នាថ្ងៃទី១៦ វិច្ឆិកានេះ បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលនោះ មន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។
គួរបញ្ជាក់ថា ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ៕